បាល់ទាត់អន្តរជាតិ
Liverpool បើកកិច្ចពិភាក្សាផ្ទេរខ្សែបម្រើ Enzo Fernandez

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានបើកការពិភាក្សាមួយជាមួយក្លឹប Benfica ជុំវិញការផ្ទេរសម្រាប់ខ្សែបម្រើដែលមានតម្លៃថ្លៃ Enzo Fernandez ខណៈដែលកីឡាករវ័យ 21 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗជាច្រើនក្នុងកំឡុងពេលដែលគាត់លេងនៅ River Plate ហើយបានបន្តភាពខ្លាំងនៅជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនបន្តទៀត។
ផ្សេងពីនេះទៀត Enzo Fernandez ក៏បានក្លាយជាតារាឆ្នើមម្នាក់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ដោយបានបង្ហាញនូវទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ហើយជួយឲ្យក្រុមពពកសអាហ្សង់ទីនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កុងត្រាបច្ចុប្បន្នរបស់ Enzo Fernandez ជាមួយក្លឹប Benfica នឹងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2026-2027 ហើយសម្រាប់ក្លឹបណាដែលចង់បានគាត់ នឹងអាចត្រូវចំណាយប្រាក់លើសពី 100 លានផោន។
យោងតាមការចុះផ្សាយមួយរបស់កាសែតព័រទុយហ្គាល់បានឲ្យដឹងថា ពេលនេះក្លឹបហង្សក្រហម Liverpool បានបង្កើនចំណាប់អារម្មណ៍របស់ពួកគេបន្ថែមមួយកម្រិតទៀត ក្នុងការចុះហត្ថលេខាលើ Fernandez បន្ទាប់ពីបានមើលឃើញពីសមត្ថភាពរបស់តារាឆ្នើមរូបនេះកាន់តែអស្ចារ្យនៅ World Cup។ ក្លឹបហង្សក្រហមថែមទាំងបានទាក់ទងទៅ Benfica ជុំវិញការផ្ទេរនេះផងដែរ ហើយអ្វីៗអាចនឹងដំណើរការនៅខែមករាឆ្នាំក្រោយ។
ប្រភព: Sportsmole