បាល់ទាត់អន្តរជាតិ
Cristiano Ronaldo មិនទាន់មានគម្រោងក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា មិនមានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឡើយទេ។ កីឡាករវ័យ 37 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា នឹងលេងការប្រកួតចុងក្រោយរបស់គាត់នៅ World Cup ឆ្នាំនេះ។ យ៉ាងណាបន្ទាប់មកព័រទុយហ្គាល់បានធ្លាក់ចេញត្រឹមវគ្គ 8 ក្រុមចុងក្រោយជាមួយម៉ារ៉ុកកាលពីចុងសប្ដាហ៍មុន។
ដោយឡែក Cristiano Ronaldo ត្រូវបានគ្រូបង្វឹកលោក Fernando Santos ឲ្យអង្គុយនៅកៅអីបម្រុង សម្រាប់ការប្រកួតវគ្គចែកពូលទាំង 2 របស់ព័រទុយហ្គាល់នៅប្រទេសកាតា ហើយមានរបាយការណ៍ជាច្រើនអះអាងថា គាត់គម្រាមដើរចេញពីក្រុមជម្រើសជាតិ។
ទោះជាយ៉ាងណា ក្រោយមកទៀតសហព័ន្ធបាល់ទាត់របស់ព័រទុយហ្គាល់បានបដិសេធការអះអាងបែបនេះ ខណៈដែល Cristiano Ronaldo មានទម្រង់លេងមិនសូវល្អឡើយ បន្ទាប់ពីស៊ុតបញ្ចូលទីបានតែ 1 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប 5 ប្រកួត។
បច្ចុប្បន្នម្ចាស់ពានរង្វាន់ Ballon d’Or 5 សម័យរូបនេះ មិនទាន់មានភាពច្បាស់លាស់ឡើយជាមួយនឹងអាជីពនៅក្លឹប ដោយគាត់នឹងត្រូវលេងនៅក្លឹបណា បន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្លឹបបិសាចក្រហម ត្រូវបានបញ្ចប់កាលពីចុងខែមុន។ យោងតាមរបាយការណ៍ពី CM Journal បានរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះមានបំណងបន្តលេងឲ្យប្រទេសរបស់គាត់ទៀត ហើយបានជូនដំណឹងនេះដល់ក្រុមជម្រើសជាតិគាត់រួចហើយ។
ប្រភព: Sportsmole