Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ក្លឹប Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ហើយ​នៅ​ពេល​នេះ។

ជា​ការ​ពិត​ណាស់ កីឡាករ​វ័យ 35 ឆ្នាំ Lionel Messi នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ព្រោះ​ពេល​ដែល​គាត់​បាន​ផ្ទេរ​ពី Barcelona មក Paris Saint-Germain គឺ​មាន​កុងត្រា​ត្រឹមតែ​រយៈពេល 2 ឆ្នាំ​ប៉ុណ្ណោះ។

ដំបូង​ឡើយ Lionel Messi មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ​នៅ​ទឹកដី​បារាំង ដែល​ជា​ទី​កន្លែង​ថ្មី​របស់​ខ្លួន ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ហាក់​ដូច​ជា​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី។ ទោះ​ជា​យ៉ាង​ណា​ម្ចាស់​ពាន Ballon d’Or 7 សម័យ​កាល​រូប​នេះ ចាប់​ផ្ដើម​បង្ហាញ​នូ​វ​ភាព​លេច​ធ្លោរ​ឡើង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Christophe Galtier នៅ​រដូវកាល​នេះ។

កាល​ពី​ប៉ុន្មាន​ខែ​មុន ការ​ពិភាក្សា​រវាង Messi និង PSG ត្រូវ​បាន​ផ្អាក ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​កំពុង​ផ្ដោត​លើ​ការ​លេង World Cup ជាមួយ​ប្រទេស​របស់​គាត់។ ប៉ុន្តែ​ពេល​នេះ​អ្នក​កាសែត Fabrizio Romano បាន​រាយការណ៍​ថា ភាគី​ទាំង​ 2 បាន​ព្រមព្រៀង​គ្នា​តាម​រយៈ​ពាក្យ​សម្ដី​រួច​ហើយ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi មិន​បាន​លាក់បាំង​ពី​បំណង​ប្រាថ្នា​របស់​គាត់​ក្នុង​ការ​ព្យាយាម​បន្ត​កុងត្រា​ថ្មី​ជាមួយ Lionel Messi ឡើយ ខណៈ​ដែល​តារា​ឆ្នើម​រូប​នេះ​ទើប​តែ​បាន​ឈ្នះ​ពាន World Cup ជាមួយ​នឹង​អាហ្សង់ទីន​ទៀត​ផង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២