បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United និង Bayern Munich កំពុងចាប់អារម្មណ៍លើអ្នកចាំទីក្រុមជម្រើសជាតិអាហ្សង់ទីន

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់ដេញថ្លៃអ្នកចាំទី Emiliano Martinez របស់ក្លឹប Aston Villa នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែមករាខាងមុខនេះ។
អ្នកចាំទីសញ្ជាតិអាហ្សង់ទីន Emiliano Martinez បានផ្ទេរមកចូលរួមជាមួយ Aston Villa ចាប់តាំងពីខែកញ្ញា ឆ្នាំ 2020 ដោយបានបង្ហាញខ្លួនសរុបចំនួន 91 ប្រកួត។ កីឡាកររូបនេះជាអតីតអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal តាំងពីឆ្នាំ 2011 មកម្ល៉េះ ប៉ុន្តែគាត់បានតស៊ូយ៉ាងលំបាកក្នុងការប្រជែងតំណែងជាជម្រើសទី 1 របស់ក្លឹប ខណៈដែលនៅ Emirates គាត់បានបង្ហាញខ្លួនសរុបត្រឹមតែ 38 ប្រកួតតែប៉ុណ្ណោះ។
បុរសដែលតែងតែត្រូវបានក្លឹបកាំភ្លើងធំ Arsenal ដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងជាច្រើនដងរូបនេះ ជាចុងក្រោយបានយល់ព្រមចុះហត្ថលេខាលើកុងត្រារយៈពេលវែងថ្មីមួយជាមួយក្លឹប Aston Villa ដោយកុងត្រានោះមានសុពលភាពរហូតដល់ឆ្នាំ 2027។
យ៉ាងណាមិញថ្មីៗនេះ Emiliano Martinez បានបង្ហាញខ្លួនយ៉ាងលេចធ្លោរមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដោយក្លាយជាតួអង្គដ៏សំខាន់ក្នុងការនាំក្រុមជម្រើសជាតិរបស់ខ្លួនឲ្យក្លាយជាម្ចាស់ជើងឯក FIFA World Cup ឆ្នាំ 2022។ សមិទ្ធិផលទាំងនេះ បានធ្វើឲ្យ Martinez ត្រូវបានក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបចាប់អារម្មណ៍ខ្លាំងទៅលើគាត់ រួមទាំងក្លឹបបិសាចក្រហម។
បើតាមការចុះផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាលើការផ្ទេរអ្នកចាំទីឆ្នើមរូបនេះ ស្របពេលដែល Bayern Munich ក៏បានត្រៀមកញ្ចប់ថវិការសម្រាប់ចរចាផ្ទេរ Emiliano Martinez ផងដែរ។
ប្រភព: Sportsmole