Connect with us

បាល់ទាត់អន្តរជាតិ

Pedri បង្ហាញ​បំណង​ចង់​ឲ្យ Busquets បន្ត​អាជីព​នៅ Barcelona ជា​ច្រើន​ឆ្នាំ​ទៀត

Published

on

ខ្សែ​បម្រើ​វ័យ​ក្មេង Pedri Gonzalez របស់​ក្លឹប Barcelona បាន​ប្រាប់​ទៅ​កាន់​កាពីតែន​ក្រុម Sergio Busquets កុំ​ឲ្យ​ចាកចេញ​ពី​ទឹកដី Camp Nou ដោយ​លើក​ឡើង​ថា ខ្សែបម្រើ​ចាស់​វស្សា​រូប​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប។

ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Sergio Busquets គឺ​ជា​ខ្សែ​បម្រើ​ការពារ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជំនាន់​របស់​គាត់ ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ឈុត​ធំ​របស់​ក្លឹប Barcelona ក្នុង​ឆ្នាំ 2008។ ទន្ទឹម​នឹង​នេះ​ដែរ ថ្មីៗ​នេះ​កីឡាករ​វ័យ 34 ឆ្នាំ Sergio Busquets បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បន្ទាប់​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022 នៅ​ប្រទេស​កាតា។

ទោះ​បី​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន ប៉ុន្តែ​គាត់​នៅ​តែ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្លឹប Barcelona ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Xavier Hernandez។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ កុងត្រា​របស់ Sergio Busquets នឹង​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​មាន​ការ​រំពឹង​ទុក​ជា​ច្រើន​គិត​ថា គាត់​នឹង​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​អាមេរិច។

Sergio Busquets ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Inter Miami ដែល​ជា​ក្លឹប​របស់​លោក David Beckham ខណៈ​ដែល​ក្លឹប​នៅ​លីគ MSL មួយ​នេះ ពិត​ជា​ចង់បាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ទៅ​ចូលរួម​ជាមួយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ថ្លែង​ទៅ​កាន់​វិទ្យុ Catalunya ខ្សែបម្រើ Pedri បាន​និយាយ​ថា៖ “Busquets គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ហើយ​ខ្ញុំ​រីករាយ​ក្នុង​ការ​លេង​ជាមួយ​គាត់។ ពេល​ខ្លះ​គេ​មើល​មិន​ឃើញ​ពី​គុណភាព​លេង​​របស់​គាត់ ប៉ុន្តែ​ពេល​គាត់​មិន​នៅ នោះ​យើង​នឹង​ឃើញ​ភាព​ខុស​ប្លែក។ ខ្ញុំ​​សង្ឃឹម​ថា គាត់​នៅ Barcelona យូរ​ជាង​នេះ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២