បាល់ទាត់អន្តរជាតិ
អតីតវីរបុរសហូឡង់ថា Messi អាចក្លាយជាកីឡាករល្អបំផុត ទាល់តែឈ្នះពាន World Cup 3 ដងដូច Pele

កាពីតែនក្រុមរបស់អាហ្សង់ទីន Lionel Messi ត្រូវបានមជ្ឃដ្ឋានបាល់ទាត់ជាច្រើនវាយតម្លៃថា គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយពេលបានលើកពាន World Cup ឆ្នាំ 2022 នេះ។ បុរសឆ្នើម Lionel Messi ធ្លាប់បានឈ្នះពានគ្រប់សព្វអស់ទៅហើយនៅក្នុងជីវិតបាល់ទាត់របស់គាត់។
ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិហូឡង់ និងធ្លាប់ជាកីឡាកររបស់ក្លឹបតោខៀវ Chelsea លោក Ruud Gullit បានអះអាងថា Lionel Messi បានឈ្នះពាន World Cup មែន តែមិនទាន់អាចត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ ព្រោះអតីតវីរបុរសប្រេស៊ីល Pele ធ្លាប់ឈ្នះពាននេះបានរហូតដល់ 3 ដងឯណោះ។
អតីតវីរបុរសឆ្នើមរបស់ក្រុមជម្រើសជាតិហូឡង់លោក Ruud Gullit បានប្រាប់ទៅកាន់ Ziggo Sport ថា “ទេ! Messi មិនមែនជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះទេ។ ខ្ញុំគិតថាគាត់គឺជាកីឡាករដ៏ល្អបំផុតនៅសម័យរបស់គាត់។ អ្នកមិនអាចប្រៀបធៀបរឿងជាច្រើន ទៅវិញទៅមកបានទេ”។
Ruud Gullit បានបន្ថែមទៀតថា៖ “អ្នកអាចក្លាយជាកីឡាករល្អបំផុត ប្រសិនបើអ្នកឈ្នះ World Cup បាន 3 ដង…សុំទោស វាច្រើនណាស់។ ទសវត្សរ៍ឆ្នាំ 1960 និងទសវត្សរ៍ឆ្នាំ 1970 គឺជាយុគសម័យរបស់ Pele។ បន្ទាប់មកក៏មកដល់សម័យ Maradona”។
ទោះបីជាមានការលើកឡើងពី Ruud Gullit បែបនេះក៏ដោយ អ្នកគាំទ្រជាច្រើនបានគិតថា Lionel Messi ជាកីឡាករដ៏អស្ចារ្យបំផុតរួចទៅហើយ ហើយអ្វីដែល Ruud Gullit បានលើកឡើងមកនេះប្រហែលជាដោយសារគាត់នៅខឹងនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិហូឡង់ ក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួត World Cup វគ្គ 8 ក្រុមចុងក្រោយតែប៉ុណ្ណោះ។
ប្រភព: Tribuna