បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United លុតក្រុមបាតតារាង Nottingham Forest 3-0

ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងទៅឈរនៅតារាង Top 4 ហើយ ដោយបច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ 5 ដែលមានពិន្ទុចាញ់ពីក្រុមលេខ 4 ត្រឹមតែ 1 ពិន្ទុប៉ុណ្ណោះ ខណៈដែលពួកគេនៅសល់ 1 ប្រកួតទៀតនៅក្នុងដៃ។
កាលពីរំលងអាធ្រាតយប់មិញនេះក្លឹបបិសាចក្រហម Manchester United ទទួលបាន 3 ពិន្ទុយ៉ាងងាយស្រួល ដោយយកឈ្នះទៅលើក្រុមភ្ញៀវ Nottingham Forest ក្នុងលទ្ធផល 3 ទល់នឹង 0 ដែលជាការប្រកួតក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League។
ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតនាទីទី 19។ នៅប៉ុន្មាននាទីក្រោយមកទៀត Marcus Rashford បានបញ្ជូនបាល់ទៅឲ្យ Anthony Martial ស៊ុតបញ្ចូលទីថែម 1 គ្រាប់ទៀតទៅលើក្រុមភ្ញៀវនៅនាទីទី 22។
ទោះបីជាមានភាពកក់ក្ដៅនៅក្នុងការទទួលជ័យជំនះហើយក៏ដោយ នៅចុងបញ្ចប់នៃការប្រកួតនាទីទី 87 ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred បានស៊ុតបញ្ចូលទីថែម 1 គ្រាប់ទៀត ធ្វើឲ្យក្លឹបបិសាចក្រហមឈ្នះ 3-0 ទៅលើ Nottingham Forest តែម្ដង។ ដូចគ្នានេះដែរ ការបរាជ័យរបស់ក្លឹប Nottingham Forest បានធ្វើឲ្យពួកគេបន្តឈរនៅបាតតារាង ដែលជាតំបន់ត្រូវកាត់ចោល។
ប្រភព: Sportsmole