បាល់ទាត់អន្តរជាតិ
Christophe Galtier បញ្ជាក់ពីពេលវេលាដែល Messi នឹងត្រឡប់មកទឹកដីបារាំងវិញ

គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain លោក Christophe Galtier បានបង្ហាញពីពេលវេលាពិតប្រាកដដែល Lionel Messi នឹងត្រឡប់មកក្លឹបរបស់ខ្លួនវិញ។ Lionel Messi បានបន្តស្នាក់នៅក្នុងប្រទេសអាហ្សង់ទីនរបស់ខ្លួន បន្ទាប់ពីឈ្នះពាន FIFA World Cup នៅប្រទេសកាតា និងមិនទាន់ត្រឡប់មកវិញនៅឡើយទេ រហូតទាល់តែ PSG ប៉ះជាមួយក្លឹប Lens ក្នុងការប្រកួត Ligue 1 នៅដើមឆ្នាំ 2023។
Lionel Messi បានឈ្នះការប្រកួត World Cup ជាមួយអាហ្សង់ទីន ដោយបានយកឈ្នះក្រុមជម្រើសជាតិបារាំង តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល 4-2។ យ៉ាងណាមិញមិត្តរួមក្រុមរបស់គាត់ Kylian Mbappe ដែលលេងឲ្យក្រុមជម្រើសជាតិបារាំង បានត្រឡប់ទៅហ្វឹកហាត់នៅក្លឹបវិញហើយ ប៉ុន្តែ Messi កំពុងអបអរជ័យជម្នះក្នុងប្រទេសកំណើតរបស់គាត់។
ថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួតរបស់ PSG ជាមួយ Strasbourg លោក Christophe Galtier បានលើកឡើងថា កីឡាករដែលត្រូវហៅឲ្យវិលចូលទីលានហ្វឹកហាត់វិញ គឺផ្អែកលើស្ថានភាពជាក់ស្ដែង។ សម្រាប់ Hakimi និង Kylian Mbappe គាត់ចង់វិលត្រឡប់ឲ្យបានលឿន ប៉ុន្តែ Lionel Messi ដោយសារតែទីតាំងភូមិសាស្រ្ត និងជ័យជំនះរបស់គាត់ជាមួយក្រុមជម្រើសជាតិ នោះគាត់ត្រូវអនុញ្ញាតឲ្យសម្រាករហូតដល់ថ្ងៃទី 1 និងវិលត្រឡប់មកក្លឹបវិញនៅថ្ងៃទី 2 រឺ 3 ខែមករា ដើមឆ្នាំក្រោយ។
ប្រភព: Dailypost