បាល់ទាត់អន្តរជាតិ
Luis Suarez បង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានផ្ទេរមកក្លឹបថ្មី Gremio

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Luis Suarez បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីចូលរួមជាមួយក្លឹបថ្មី Gremio នៃក្របខណ្ឌ Serie A របស់ប្រេស៊ីល លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ Luis Suarez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លឹប Gremio កាលពីថ្ងៃសៅរ៍កន្លងទៅ ជាមួយនឹងកុងត្រាដែលមានសុពលភាពរហូតដល់ចុងឆ្នាំ 2024។
កីឡាករវ័យ 35 ឆ្នាំរូបនេះបានត្រឡប់ទៅក្លឹប Nacional ដែលជាក្លឹបកាលពីកុមារភាពរបស់គាត់ បន្ទាប់ពីផុតកុងត្រាជាមួយ Atletico Madrid កាលពីខែកក្កដាឆ្នាំមុន ហើយបានស្នាក់នៅត្រឹមតែ 3 ខែប៉ុណ្ណោះ។ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona និង Liverpool រូបនេះស៊ុតបញ្ចូលទីបានត្រឹមតែ 8 គ្រាប់ក្នុងការបង្ហាញខ្លួន 16 ប្រកួត អំឡុងពេលនៅជាមួយក្លឹប Nacional។
Luis Suarez ត្រូវបានគេរំពឹងថា នឹងលេងការប្រកួតដំបូងរបស់គាត់សម្រាប់ Gremio ទល់នឹងក្លឹប Sao Luiz នៅថ្ងៃទី 17 ខែមករាខាងមុខនេះ។ ដូចគ្នានេះដែរ បន្ទាប់ពីបានចូលរួមជាមួយ Gremio កីឡាករ Luis Suarez បានបង្ហោះនៅលើ Twitter របស់ខ្លួនថា៖ “ការត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ល្អសម្រាប់ Gremio ខ្ញុំពិតជារំភើបដែលបាននៅទីនេះ ហើយរីករាយជាមួយវា”។
ប្រភព: Dailypost NG