បាល់ទាត់អន្តរជាតិ
PSG បញ្ចប់កំណត់ត្រាមិនធ្លាប់ចាញ់ ក្រោមស្នាដៃ Lens ជាមួយនឹងលទ្ធផល 3-1 (មានវីដេអូ)

នៅទីបំផុតក្លឹបយក្សបារាំង Paris Saint-Germain បានស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងលីគនៅរដូវកាលនេះហើយ ក្រោយចាញ់ក្រុមលេខ 2 Lens FC កាលពីរំលងអាធ្រាតយប់មិញនេះ ជាមួយនឹងលទ្ធផល 3 ទល់នឹង 1។
ថ្វីត្បិតតែបានចាញ់ក្រុមម្ចាស់ផ្ទះ Lens ក៏ដោយ Paris Saint-Germain នៅតែបន្តឈរនៅកំពូលតារាងរបស់ Ligue 1 ដដែល។ ទន្ទឹមនឹងនេះដែរ នៅក្នុងការប្រកួតនោះ ក្លឹបយក្សបារាំង PSG បានអវត្តមានកីឡាករសំខាន់ៗមួយចំនួនធំដូចជា៖ Neymar Jr, Lionel Messi, Presnel Kimpembe និង Nuno Mendes ជាដើម ដែលវាអាចជាមូលហេតុដ៏សំខាន់នៃការបរាជ័យរបស់ពួកគេផងដែរ។
3 គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Lens FC គឺជាការស៊ុតបញ្ចូលទីពី Przemyslaw Frankowski នៅនាទីទី 5, Lois Openda នៅនាទីទី 28 និង Alexis Claude Maurice នៅនាទីទី 47។ យ៉ាងណាមិញសម្រាប់ 1 គ្រាប់របស់ Paris Saint-Germain ជាការស៊ុតបញ្ចូលទីរបស់ Hugo Ekitike នៅនាទីទី 8។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Minute