បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមទឹកប្រាក់ 44 លានផោន ដើម្បីចុះហត្ថលេខាលើ Matheus Nunes

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើ Matheus Nunes ហើយកំពុងពិចារណាត្រៀមដាក់ដេញថ្លៃជាទឹកប្រាក់ 44 លានផោនសម្រាប់ខ្សែបម្រើរបស់ក្លឹប Wolverhampton Wanderers រូបនេះ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ Matheus Nunes ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Anfield ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp បានសម្រេចចិត្តមិនចំណាយប្រាក់ច្រើនលើការចុះហត្ថលេខាកីឡាករចំណូលថ្មីនៅពេលនោះ។
Matheus Nunes បានចាប់ផ្ដើមសាកល្បងបទពិសោធន៍ថ្មីនៅ Premier League ដោយផ្ទេរពីក្លឹបក្នុងស្រុក Sporting CP ដោយក្លឹប Wolverhampton បានចំណាយប្រាក់ផ្ទេរ 45 លានអឺរ៉ូ។ Nunes បង្ហាញខ្លួន 14 ប្រកួតនៅ Premier League រដូវកាលនេះ ហើយបច្ចុប្បន្នគាត់មានកុងត្រាជាមួយ Wolverhampton រហូតដល់ឆ្នាំ 2027។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី The Telegraph បានអះអាងថា ទម្រង់លេងដ៏អាក្រក់របស់ Wolverhampton រដូវកាលនេះ អាចនឹងធ្វើឲ្យពួកគេធ្លាក់ទៅលេងនៅ Championship។ ទន្ទឹមនឹងនេះដែរ Matheus Nunes ត្រូវបានគេគិតថា នឹងមិនបន្តនៅជាមួយ Wolverhampton ទៀតឡើយ។
របាយការណ៍ដដែលនេះដែរបានបញ្ជាក់ថា កិច្ចព្រមព្រៀងពិសេសមួយរវាង Wolverhampton និង Matheus Nunes គឺគាត់អាចផ្លាស់ទៅក្លឹបមួយផ្សេងទៀតនៅ Premier League នៅពេលដែលក្លឹបរបស់ខ្លួនធ្លាក់ចេញពីលីគកំពូល។ ដូច្នេះ Liverpool អាចនឹងបញ្ចប់ការផ្ទេរតារាឆ្នើមរូបនេះក្នុងតម្លៃ 44 លានផោន នៅជាមួយ Wolves ប៉ុន្តែត្រូវរងចាំរហូតដល់ចប់រដូវកាល។
ប្រភព: Sportsmole