បាល់ទាត់អន្តរជាតិ
Chelsea យល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរ Enzo Fernandez ក្នុងតម្លៃ 112 លានផោន

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Benfica ដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើម Enzo Fernandez ក្នុងតម្លៃដ៏ខ្ពស់ក្នុងកំណត់ត្រារបស់ Premier League ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ 112 លានផោន។
យ៉ាងណាមិញខ្សែបម្រើវ័យ 21 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់គាត់បានឈ្នះពានជាកីឡាករវ័យក្មេងប្រចាំព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup ឆ្នាំ 2022 និងថែមទាំងបានលើកពានជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។ ជាមួយនឹងកុងត្រារបស់ Enzo Fernandez នៅ Benfica រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 នោះ ក្លឹបណាដែលចង់ចុះហត្ថលេខាគាត់យកទៅ នឹងត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បំផុត។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗនេះបានអះអាងថា ក្លឹបតោខៀវ Chelsea បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយ Fernandez ដែលជាការបញ្ចុះបញ្ចូលឲ្យគាត់ផ្ទេរមកចូលរួមជាមួយក្រុមរបស់លោក Graham Potter បន្ទាប់ពីមានការពិភាក្សាក្រៅផ្លូវការណ៍មួយ កាលពីប៉ុន្មានថ្ងៃមុន។ ទន្ទឹមនឹងនេះដែរ យោងតាម Sky Sports អ៊ីតាលី បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានឈានដល់ជំហានចុងក្រោយហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្ទេរសម្រាប់ខ្សែបម្រើរូបនេះ នៅក្នុងតម្លៃដ៏ច្រើនរហូតដល់ 112 លានផោន។
ប្រភព: Sportsmole