បាល់ទាត់អន្តរជាតិ
Van Dijk អាចនឹងអវត្តមានពីការប្រកួតជិត 1 ខែ ដោយសាររបួស

ខ្សែការពារកណ្តាលរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk អាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់ជិត 1 ខែ ដោយសាររបួសសរសៃពួរដែលគាត់បានជួបប្រទះនៅក្នុងការប្រកួតជាមួយ Brentford ម្សិលមិញនេះ។
កីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានប្ដូរចេញនៅនាទីទី 46 ក្នុងការបរាជ័យ 3-1 ជាមួយក្រុមម្ចាស់ផ្ទះ Brentford ហើយជំនួសមកវិញដោយខ្សែការពារ Joel Matip។ ការបរាជ័យនៅក្នុងការប្រកួតនោះដែរ បានធ្វើឲ្យក្លឹបហង្សក្រហមឈរនៅចំណាត់ថ្នាក់លេខ 6 នៃតារាង Premier League និងមានគម្លាតពិន្ទុកាន់តែឆ្ងាយពីក្រុមកំពូលតារាង Arsenal។
នៅពេលដែលត្រូវបានសួរអំពីស្ថានភាពរបស់ Van Dijk បន្ទាប់ពីការប្រកួត លោក Jurgen Klopp បានបង្ហាញថា របួសរបស់កីឡាករវ័យ 31 ឆ្នាំរូបនេះហាក់ដូចជាមិនសូវធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការចុះផ្សាយរបស់ Liverpool Echo បានឲ្យដឹងថា បញ្ហារបស់ Van Dijk គឺធ្ងន់ធ្ងរជាងការរំពឹងទុក ហើយគាត់អាចនឹងប្រឈមមុខពីការអវត្តមានក្នុងការប្រកួត 2 រឺ 3 សប្តាហ៍ រឺអាចលើសពីនេះ។
ប្រភព: Sportsmole