បាល់ទាត់អន្តរជាតិ
Arsenal កំពុងចាប់អារម្មណ៍លើកីឡាករវ័យ 19 ឆ្នាំមួយរូបដែលត្រូវបានគេប្រដូចទៅនឹង Lionel Messi

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ជូនក្រុមការងាររបស់ខ្លួនក្នុងខែនេះ ដើម្បីទៅពិនិត្យមើលកីឡាករ Giannis Konstantelias ដែលជាជនជាតិក្រិច និងត្រូវបានគេប្រដូចទៅនឹងតារាឆ្នើម Lionel Messi។
យោងតាមសារព័ត៌មាន Evening Standard បានអះអាងថា ក្លឹបកាំភ្លើងធំ គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀតដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំដែលមានតម្លៃផ្ទេរប្រហែលជា 10 លានផោនរូបនេះ។ បច្ចុប្បន្ន Giannis Konstantelias លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធនៅក្លឹប PAOK Salonika ដែលស្ថិតនៅក្នុងលីគកំពូលនៃប្រទេសក្រិច។
កាលពីពេលកន្លងទៅ Giannis Konstantelias ធ្លាប់បានចំណាយពេលលេងនៅក្លឹប KAS Eupen នៅប្រទេសបែលហ្ស៊ិកផងដែរ ហើយទើបត្រឡប់មកទឹកដីកំណើតរបស់ខ្លួនវិញ។ កីឡាករឆ្នើមរូបនេះត្រូវបានកាសែតនៅក្នុងប្រទេសក្រិចពោលសរសើរថា មានអត្តចរិត និងទម្រង់លេងរបស់គាត់ដូចទៅនឹងតារាឆ្នើមគឺ Lionel Messi របស់ក្លឹបយក្សបារាំង Paris Saint-Germain។
ប្រភព: Sportskeeda