បាល់ទាត់អន្តរជាតិ
គ្រូ Real Madrid ថា គាត់មានខ្សែបម្រើល្អគ្រប់គ្រាន់ហើយ មិនចាំបាច់ផ្ទេរ Bellingham និង Fernandez ឡើយ

ថ្មីៗនេះអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid លោក Carlo Ancelotti បាននិយាយពីទំនាក់ទំនងផ្ទេរកីឡាករ 2 រូបដែលមាន Jude Bellingham និង Enzo Fernandez ខណៈដែលកីឡាករវ័យក្មេងទាំងនេះ ត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។
ពេលដែលក្រុមតោកំណាចអង់គ្លេសធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ 8 ក្រុមចុងក្រោយនៅក្នុងការប្រកួត World Cup នៃប្រទេសកាតា ខ្សែបម្រើ Jude Bellingham នៅតែទទួលបានការសរសើរចំពោះគុណភាពលេងរបស់គាត់នៅលើទីលាន។ ទន្ទឹមនឹងនោះដែរ Fernandez គឺជាកីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍ FIFA World Cup និងលើកពានម្ចាស់ជើងឯកជាមួយអាហ្សង់ទីនថែមទៀតផង។
តាំងពីពេលនោះមក មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា Jude Bellingham និង Enzo Fernandez ត្រូវបានក្លឹប Real Madrid ចាប់អារម្មណ៍ និងត្រៀមផ្ទេរកីឡាករទាំង 2 រូបនេះនៅខែមករាដើមឆ្នាំនេះ។ ទោះជាយ៉ាងនេះក្តី ផ្ទុយមកវិញលោក Carlo Ancelotti បានបញ្ជាក់ថា គាត់ពេញចិត្តនឹងខ្សែបម្រើដែលគាត់មាននាពេលបច្ចុប្បន្ន ជាមួយនឹង Luka Modric, Toni Kroos, Fede Valverde, Aurelien Tchouameni, Eduardo Camavinga និងជាច្រើនទៀត។
ប្រភព: Sportskeeda