បាល់ទាត់អន្តរជាតិ
Deschamps នឹងកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំងដល់ឆ្នាំ 2026

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំង Didier Deschamps បានយល់ព្រមបន្តកុងត្រាជាមួយក្រុមជម្រើសជាតិរបស់ខ្លួនរហូតដល់ឆ្នាំ 2026។ បុរសវ័យ 54 ឆ្នាំរូបនេះធ្លាប់បានដឹកនាំប្រទេសបារាំងឲ្យឈ្នះម្ចាស់ជើងឯក World Cup កាលពីឆ្នាំ 2018 និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នេះផងដែរ។
ក្រុមជម្រើសជាតិបារាំងដែលមានកីឡាករកំពូលៗជាច្រើនស្ទើរតែបានគ្រងតំណែង 2 លើកជាប់គ្នាទៅហើយ ប៉ុន្តែពួកគេបានចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័តតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីចុងម៉ោង។ ការខកចិត្តនេះដែរ ត្រូវបានមជ្ឃដ្ឋានបាល់ទាត់គិតថា គ្រូបង្វឹកលោក Didier Deschamps អាចនឹងពិចារណាចេញពីតំណែង។
បន្តមកទៀតលោក Zinedine Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទៅកាន់តំណែងនេះ បន្តពីលោក Deschamps។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះសហព័ន្ធបាល់ទាត់របស់បារាំង ដែលហៅកាត់ថា FFF បានបញ្ជាក់ថា Didier Deschamps នឹងបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ 2026 សម្រាប់យុទ្ធនាការ Euro 2024 និង World Cup 2026។
ប្រភព: Sportsmole