បាល់ទាត់អន្តរជាតិ
Aston Villa បដិសេធមិនបានចុះហត្ថលេខាលើ Harry Maguire ឡើយ

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា នឹងមិនមានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើ Harry Maguire ពីក្លឹបបិសាចក្រហម Manchester United ទេ ខណៈដែលកាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា Aston Villa ចង់ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះ បានធ្លាក់ចុះនូវទម្រង់លេងយ៉ាងខ្លាំងនៅ Old Trafford ហើយកំពុងត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅដើមឆ្នាំនេះ។ ទោះជាយ៉ាងណា Harry Maguire នៅតែកាន់កាប់តួនាទីជាកាពីតែនក្រុមរបស់លោក Erik ten Hag ប៉ុន្តែគាត់បានបង្ហាញខ្លួនត្រឹមតែ 4 ដងប៉ុណ្ណោះនៅ Premier League និងការប្រកួត Europa League បានម្ដងផងដែរ។
ដោយឡែក របាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថា ក្លឹប Aston Villa ជិតឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងផ្ទេរសម្រាប់ Harry Maguire ហើយ ខណៈដែលកុងត្រារបស់គាត់នៅ Old Trafford នឹងមានសុពលភាពរហូតដល់ឆ្នាំ 2025។ ផ្ទុយមកវិញ ការរាយការណ៍ចុងក្រោយពីអ្នកកាសែត Fabrizio Romano នៅថ្ងៃនេះបានអះអាងថា នឹងមិនមានអ្វីកើតឡើងរវាង Harry Maguire និងក្លឹប Aston Villa នោះឡើយ ហើយខ្សែការពាររូបនេះនឹងបន្តនៅ Manchester United រហូតដល់ចប់រដូវកាល។
ប្រភព: Sportsmole