បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលមានស្តាយលេងបាល់ស្រដៀងនឹង Cristiano Ronaldo

ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបនៅក្នុងជំនាន់របស់គាត់ និងជាងមួយទសវត្សចុងក្រោយនេះ។ ការតាំងចិត្តយ៉ាងមុតមាំ, វិន័យ និងការខិតខំប្រឹងប្រែងហ្វឹកហាត់ បានធ្វើឲ្យគាត់ក្លាយជាកំពូលកីឡាករមួយរូប ដែលទទួលបានការកោតសរសើរពីមជ្ឈដ្ឋានបាល់ទាត់នៅទូទាំងពិភពលោក។
កីឡាករវ័យ 37 ឆ្នាំរូបនេះ ធ្លាប់ឈ្នះពាន Ballon d’Or 5 ដង និងពានជាច្រើនទៀត ក្នុងអាជីពបាល់ទាត់របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ មានកីឡាករបាល់ទាត់ជំនាន់ក្រោយៗមួយចំនួន បានត្រាប់តាម និងចង់ដើរលើគន្លងដ៏ជោគជ័យរបស់តារាឆ្នើមរូបនេះ។ ដោយឡែក ក្នុងអត្ថបទនេះក្រុមការងារយើងសូមបង្ហាញជូននូវកីឡាករបាល់ទាត់ 5 រូបដែលមានស្តាយលេងបាល់ស្រដៀងនឹង Cristiano Ronaldo។
5. Son Heung-Min (លេងនៅ Tottenham Hotspur)
ស្ទីលលេងរបស់កីឡាករវ័យ 30 ឆ្នាំរូបនេះ គឺស្រដៀងនឹង Cristiano Ronaldo។ គាត់ស៊ុតបាល់ចំគោលដៅបានល្អ និងពោរពេញដោយកម្លាំង។ Son Heung-Min លេងជាខ្សែប្រយុទ្ធស្លាបឆ្វេង និងអាចស៊ុតបាល់ដោយជើងទាំង 2 បានដូច Cristiano Ronaldo ដែរ។
4. Memphis Depay (លេងនៅ Barcelona)
ពេលដែល Memphis Depay ផ្ទេរទៅចូលរួមជាមួយ Manchester United គាត់បានលេងក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាបដូចនឹង Cristiano Ronaldo។ ខ្សែប្រយុទ្ធរូបនេះក៏ស៊ុតបញ្ចូលទីចំគោលដៅ និងពូកែស៊ុតពីចម្ងាយ ហើយគ្រាប់បាល់មានប្រសិទ្ធភាពដូច Cristiano Ronaldo ផងដែរ។
3. Joao Felix (លេងនៅ Chelsea)
ក្រៅពីមានសញ្ជាតិព័រទុយហ្គាល់ដូចគ្នា កីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា មានទម្រង់លេងស្រដៀងគ្នានឹង Cristiano Ronaldo ដែរ។ បច្ចេកទេសដ៏អស្ចារ្យ, ភាពប៉ិនប្រសប់ និងសមត្ថភាពបាញ់បាល់ពីចម្ងាយរបស់គាត់ ហាក់ដូចជាត្រូវបានយកគម្រូតាមតារាឆ្នើម Cristiano Ronaldo។
2. Marcus Rashford (លេងនៅ Manchester United)
Marcus Rashford បច្ចុប្បន្នកំពុងមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំងនៅក្លឹបបិសាចក្រហម។ គ្រប់យ៉ាងដែលខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះបង្ហាញនៅលើទីលាន ពិតជាដូចគ្នាខ្លាំងណាស់ទៅនឹង Cristiano Ronaldo។ Marcus Rashford មិនត្រឹមតែជាមិត្តរួមក្រុមនឹង Cristiano Ronaldo ប៉ុន្តែគាត់ធ្លាប់សរសើរថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ថែមទៀត។
1. Kylian Mbappe (លេងនៅ Paris Saint-Germain)
Kylian Mbappe គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនាពេលបច្ចុប្បន្ន។ គាត់បានឈ្នះស្បែកជើងមាសនៅ FIFA World Cup 2022 ហើយថែមទាំងស៊ុតបញ្ចូលទី Hat-trick នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតតទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីនថែមទៀតផង។ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយ ដែលអ្វីៗគ្រប់យ៉ាងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះដូចនឹង Cristiano Ronaldo។ Kylian Mbappe បានចាត់ទុក Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាពមកម្ល៉េះ។
ប្រភព: Sportskeeda