បាល់ទាត់អន្តរជាតិ
ក្លឹប Al-Hilal មិនបានដាក់សំណើរផ្ទេរ Lionel Messi ដូចពាក្យចចាមអារ៉ាមឡើយ

ក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីត Al-Hilal ត្រូវបានគេរាយការណ៍ថា មិនបានដាក់ដេញថ្លៃលើតម្លៃផ្ទេរណាមួយដល់ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Paris Saint-Germain ដូចពាក្យចចាមអារ៉ាមឡើយ។ យ៉ាងណាកីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ពេលនេះ កំពុងស្ថិតក្នុងរយៈពេល 6 ខែចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយក្រុមម្ចាស់ជើងឯកបារាំង PSG ហើយគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះប្រសិនបើការបន្តកុងត្រាថ្មីមិនអាចកើតឡើងទេនោះ។
ដូចគ្នានេះដែរ Paris Saint-Germain កំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីធ្វើឲ្យ Lionel Messi បន្តកុងត្រាថ្មី ខណៈដែលមានក្លឹបជាច្រើន ត្រូវបានគេដឹងថា កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធឆ្នើមរូបនេះ។ FC Barcelona ដែលជាអតីតក្លឹបចាស់របស់គាត់ ត្រូវបានគេរំពឹងថា នឹងមិនអាចសម្រេចបានក្នុងការនាំយក Messi ត្រឡប់ទៅវិញឡើយ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ តែសម្រាប់ក្លឹបអាមេរិច Inter Miami អាចនឹងមានភាគរយខ្ពស់ ប្រសិនបើ Lionel Messi ចាកចេញពីទឹកដីបារាំង។
ទន្ទឹមនឹងនេះដែរ របាយការណ៍ថ្មីៗនេះបានអះអាងថា ក្លឹប Al-Hilal នឹងផ្ដល់ជូនម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះ ក្នុងតម្លៃប្រាក់ពលកម្ម 245 លានផោនក្នុងមួយឆ្នាំ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក ប្រសិនបើ Messi ព្រមចូលរួមជាមួយពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ BBC Sport អ្នកកាសែតល្បីឈ្មោះរបស់អេស្ប៉ាញលោក Guillem Balague បានប្រាប់ថា ក្លឹបអារ៉ាប់ Al-Hilal មិនមានការដាក់សំណើរបែបនេះចំពោះ Messi នោះឡើយ ហើយតារាឆ្នើមអាហ្សង់ទីនរូបនេះនៅតែផ្តោតលើការប្រកួតប្រជែងជាមួយក្លឹបធំៗបន្តទៀតនៅតំបន់អឺរ៉ុប។
ប្រភព: Sportsmole