បាល់ទាត់អន្តរជាតិ
Pablo Sarabia នឹងផ្ទេរទៅលេងនៅទឹកដីអង់គ្លេស

យោងតាមប្រភពច្បាស់ការណ៍មួយពីអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Pablo Sarabia របស់ក្លឹប Paris Saint-Germain នឹងផ្ទេរទៅលេងនៅទឹកដីអង់គ្លេស ដោយចូលរួមជាមួយក្លឹបចចកខ្មៅ Wolverhampton។ អ្វីៗគ្រប់យ៉ាងបានដំណើរការរួចទៅហើយ ដោយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះកំពុងធ្វើតេស្តសុខភាព។
Pablo Sarabia នឹងបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រនៅក្នុងសប្ដាហ៍នេះផងដែរ។ ចំពោះ Wolverhampton នៅមិនទាន់ដឹងច្បាស់ឡើយថា ពួកគេចង់ទិញផ្ដាច់កុងត្រារបស់ Sarabia រឺខ្ចីជើងដោយមានលក្ខខណ្ឌទិញផ្ដាច់កុងត្រា។ ទោះជាយ៉ាងណា ប្រសិនបើខ្ចីជើងនោះពួកគេអាចនឹងត្រូវបង់ប្រាក់ 5 លានអឺរ៉ូទៅឲ្យ PSG។
អតីតកីឡាកររបស់ក្លឹប Sevilla រូបនេះ នៅមានកុងត្រារយៈពេល 18 ខែទៀតជាមួយក្លឹប Paris Saint-Germain ដូច្នេះការទិញផ្ដាច់កុងត្រារបស់គាត់ នឹងមិនចំណាយប្រាក់ច្រើនឡើយ ស្របពេលដែលក្លឹបយក្សបារាំង ក៏មិនចង់រក្សាទុកគាត់បន្តទៀតដែរ។ រដូវកាលនេះ Pablo Sarabia បង្ហាញខ្លួននៅ Ligue 1 សរុប 14 ប្រកួត ប៉ុន្តែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទី រឺ Assists សូម្បីតែម្ដង។
ប្រភព: Fabrizio Romano