Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម Manchester United ត្រៀម​ដាក់ Facundo Pellistri ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​កំណត់​ពេល​នៃ​ការ​ពិភាក្សា​ថ្មី​មួយ ជុំ​វិញ​ការ​ដាក់​​ខ្សែ​បម្រើ Facundo Pellistri ឲ្យ​​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​នៅ​ខែ​មករា​នេះ។ Facundo Pellistri ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រង​ចាំ​ការ​សម្រេច​ចិត្ត​របស់​ក្លឹប ខណៈ​ដែល​ក្លឹប​ជាច្រើន​បាន​ស្នើ​ខ្ចី​ជើង​គាត់​រួម​មាន​ដូច​ជា Valencia, Bologna និង Flamengo។

នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ ក្លឹប​បិសាចក្រហម​មិន​ទាន់​បាន​បញ្ចេញ​កីឡាករ​ណា​មួយ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​លោក Erik ten Hag បាន​ព្យាយាម​ស្វែង​រក​កីឡាករ​ចំណូល​ថ្មី​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន ហើយ​រហូត​មក​ដល់​ពេល​នេះ​គាត់​បាន​នាំយក Jack Butland មក​ធ្វើ​ជា​អ្នក​ចាំទី​បម្រុង និង​ខ្សែប្រយុទ្ធ Wout Weghorst ដើម្បី​មក​ជំនួស​កន្លែង​របស់ Cristiano Ronaldo។

កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ Facundo Pellistri ដែល​មាន​វ័យ​ទើប​តែ 21 ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្លឹប​បិសាចក្រហម ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup កាល​ពី​ថ្ងៃ​ទី 11 កន្លង​ទៅ ទល់​នឹង​ក្លឹប Charlton Athletic។ ពេល​នោះ​គ្រូ​បង្វឹក​លោក Erik ten Hag បាន​សរសើរ​កីឡាករ​វ័យក្មេង​រូប​នេះ ហើយ​ថែម​ទាំង​បាន​និយាយ​ថា គាត់​គឺ​ជា​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​ក្លឹប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​បិសាចក្រហម​នឹង​ឲ្យ Facundo Pellistri ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​មួយ​រយៈ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ប្រភព: Theathletic

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២