បាល់ទាត់អន្តរជាតិ
Gerard Pique លើកឡើងថា អាជ្ញាកណ្តាលទាំងអស់នៅ La Liga ជាខ្សែរបស់ Real Madrid

ថ្មីៗនេះវីរបុរសរបស់ក្លឹប Barcelona គឺកីឡាករ Gerard Pique បានបំបែកភាពស្ងៀមស្ងាត់មួយ និងធ្វើឲ្យមានការចម្រូងចម្រាសពាក់ព័ន្ធនឹងក្លឹប Real Madrid ផងដែរ បន្ទាប់ពីគាត់បានអះអាងថា អាជ្ញាកណ្តាលនៅ La Liga ឈរលំអៀងនៅខាងក្លឹបអធិរាជស Real Madrid។
ដោយឡែកការលើកឡើងរបស់អតីតខ្សែការពារឆ្នើមរូបនេះ បានកើតឡើងនៅពេលដែលគាត់និយាយសរសើរបែបឌឺដងអាជ្ញាកណ្តាលក្នុងក្របខណ្ឌ Kings League (Pique Kings League) របស់ខ្លួន ដោយបានអះអាងថា អាជ្ញាកណ្តាលនៅក្នុង Kings League នឹងមិនលំអៀងដូចអាជ្ញាកណ្ដាលនៅ La Liga នោះទេ។
អតីតខ្សែការពារ Gerard Pique ដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំមុនបាននិយាយទៅកាន់ Barca Universal ថា៖ “នៅ La Liga អាជ្ញាកណ្តាលទាំងអស់ជាខ្សែរបស់ Real Madrid។ តែនៅក្នុង Kings League នេះមិនមានក្រុមណាដែលគាំទ្រ Real Madrid នោះទេ… ដូច្នេះគ្រប់គ្នាត្រូវតែជឿជាក់លើអាជ្ញាកណ្តាលរបស់ Kings League”។
គួរដឹងផងដែរថា Gerard Pique មិនដែលលាក់បាំងពីអារម្មណ៍មិនល្អរបស់គាត់ ចំពោះក្លឹប Real Madrid នោះឡើយ។ គាត់តែងតែមានរឿងរ៉ាវចម្រូងចម្រាសជាច្រើនកន្លងមក ជាពិសេសក្នុងអំឡុងពេលប្រកួត El Clasico ហើយជារឿយៗ តែងតែនិយាយប្រយោលគ្នាទៅវិញទៅមកជាមួយអតីតមិត្តរួមសញ្ជាតិរបស់គាត់ Sergio Ramos។
ប្រភព: Sportskeeda