បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni ប្រាប់ថា ថ្ងៃណាមួយគាត់ចង់ទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ប្រសិនបើមានឱកាស

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយថា គាត់នឹងរីករាយក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ប្រសិនបើមានឱកាសល្អណាមួយអំណោយផល និងចប់ភារកិច្ចជាមួយអាហ្សង់ទីន។ គ្រូបង្វឹករូបនេះថែមទាំងបានបញ្ជាក់បន្ថែមថា អេស្ប៉ាញគឺជាផ្ទះទី 2 របស់គាត់។
យ៉ាងណាមិញ Lionel Scaloni បានជួយឲ្យក្រុមពពកសអាហ្សង់ទីនឈ្នះពានរង្វាន់ដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់គឺ FIFA World Cup កាលពីខែមុន។ ពួកគេបានយកឈ្នះក្រុមការពារតំណែងជើងឯកបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ក្រៅពីពាន World Cup គ្រូបង្វឹករូបនេះថែមទាំងបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនឲ្យឈ្នះពាន Copa America 2021 និង Finalissima 2022 ថែមទៀតផង។
ទន្ទឹមនឹងនេះដែរ ក្រុមជម្រើសជាតិអេស្ប៉ាញហាក់ដូចជាមានទម្រង់លេងមិនសូវល្អឡើយ ដោយពួកគេបានតស៊ូយ៉ាងលំបាកនៅក្នុងការប្រកួតប្រជែងពាន FIFA World Cup នៅប្រទេសកាតា និងបានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិម៉ារ៉ុក។ ក្រោយព្រឹត្តិការណ៍ World Cup បញ្ចប់ទៅលោក Luis Enrique ក៏បានចុះចេញពីតំណែងជាគ្រូបង្វឹកផងដែរ ដែលធ្វើឲ្យបច្ចុប្បន្ននេះអេស្ប៉ាញមិនមានគ្រូបង្វឹកដឹកនាំឡើយ។
ថ្មីៗនេះនៅក្នុងកម្មវិធី El Partidazo លោក Lionel Scaloni ត្រូវបានគេសួរថា តើគាត់នឹងបើកចិត្តដើម្បីក្លាយជាអ្នកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញថ្ងៃណាមួយ រឺទេ? ពេលនោះលោក Lionel Scaloni បានឆ្លើយប្រាប់ថា៖ “ហេតុអ្វីមិនអាច? អេស្ប៉ាញជាផ្ទះទីពីររបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ការរស់នៅទីនោះ ជាមួយនឹងអ្វីពួកគេធ្លាប់បានផ្ដល់ឲ្យខ្ញុំ”។
ប្រភព: Sportskeeda