បាល់ទាត់អន្តរជាតិ
Arnaut Danjuma នឹងត្រឡប់ទៅ Premier League វិញនៅខែមករានេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Arnaut Danjuma ដោយកីឡាកររូបនេះទំនងជានឹងចាកចេញពី Villarreal នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានខកខានការចាប់ផ្តើមប្រកួតនៅរដូវកាលថ្មីឆ្នាំ 2022-2023 ដោយសាររបួស ប៉ុន្តែគាត់បានលេងជាទៀងទាត់វិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបង្ហាញខ្លួនជាមួយ Villarreal ចំនួន 17 ប្រកួត និងស៊ុតបញ្ចូលទីបាន 6 គ្រាប់។
អតីតកីឡាកររបស់ក្លឹប Bournemouth រូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្លឹបអេស្ប៉ាញរបស់គាត់កាលពីរដូវកាលមុន ដោយរកបានគ្រាប់បាល់សរុបពេញមួយរដូវកាល 16 គ្រាប់ និង Assists 4 ដង ក្នុងការបង្ហាញខ្លួន 34 ប្រកួត ដែលពេលនោះធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា ក្លឹបហង្សក្រហម Liverpool នឹងចុះហត្ថលេខានាំយកគាត់ទៅទឹកដី Anfield។
ប៉ុន្តែថ្មីៗនេះយោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ក្លឹប Tottenham Hotspur ដែលស្ថិតនៅក្របខណ្ឌ Premier League កំពុងត្រៀមផ្ទេរខ្សែប្រយុទ្ធ Arnaut Danjuma នៅក្នុងខែនេះ។ ទន្ទឹមនឹងនេះដែរ គេបានឃើញភ្នាក់ងាររបស់ Danjuma កំពុងស្ថិតនៅក្នុងប្រទេសអង់គ្លេស ដើម្បីចរចាផ្ទេរគាត់ទៅ Tottenham Hotspur ទៀតផង។
ប្រភព: Sportsmole