បាល់ទាត់អន្តរជាតិ
Everton មានមហិច្ឆតាធំ ចង់ចុះហត្ថលេខាលើ Hakim Ziyech

ក្លឹបស្ករគ្រាប់ Everton ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការដ៏មានមហិច្ឆតាមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Hakim Ziyech របស់ក្លឹបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងមុនពេលនៃទីផ្សារដោះដូរកីឡាករខែមករាត្រូវបានបិទ។
យ៉ាងណាមិញ Everton បានចាញ់ការប្រកួត Premier League ជាលើកទី 3 ជាប់ៗគ្នាកាលពីម្សិលមិញនេះ និងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលផងដែរ។ ក្រៅពីទម្រង់លេងធ្លាក់ចុះ បច្ចុប្បន្នស្ថានភាពរបស់គ្រូបង្វឹកលោក Frank Lampard កំពុងឡើងកម្ដៅជាខ្លាំង ហើយត្រូវបានគេគិតថា គាត់អាចនឹងត្រូវក្លឹបបណ្ដេញចេញ មុនចប់រដូវកាលនេះទៀតផង។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លឹប Everton នឹងព្យាយាមចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីនៅក្នុងខែនេះ ហើយក្លឹបបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech។ ទោះជាយ៉ាងណា ពួកគេចង់ខ្ចីជើងកីឡាកររូបនេះសម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់ ដើម្បីជួយក្រុមរបស់ខ្លួនឲ្យឆ្លងផុតការកាត់ចោលទៅលេងនៅ Championship វិញ។
ប្រភព: Sportsmole