បាល់ទាត់អន្តរជាតិ
Harry Kane នឹងបដិសេធដំណើររបស់ក្លឹបបិសាចក្រហម Manchester United

ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបដិសេធការផ្ទេរទៅកាន់ Manchester United នៅរដូវក្តៅនេះ (នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ)។
Manchester United កំពុងព្យាយាមស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីមកជំនួសកន្លែងរបស់ Edinson Cavani ដោយសារតែកុងត្រារបស់ខ្សែប្រយុទ្ធរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលអនាគតរបស់ Cristiano Ronaldo ក៏មិនប្រាកដប្រជាផងដែរ។
កីឡាករសញ្ជាតិអង់គ្លេស Harry Kane បានក្លាយជាគោលដៅមួយរបស់ក្លឹបបិសាចក្រហម Manchester United ខណៈដែលលោក Erik ten Hag ក៏ត្រៀមមកជំនួសតំណែងរបស់ Ralf Rangnick នៅរដូវក្តៅនេះផងដែរ។
ប៉ុន្តែបើយោងតាមកាសែត The Mirror បានឲ្យដឹងថា Kane គ្រោងនឹងច្រានចោល រាល់វិធីសាស្ត្រ និងសំណើរគ្រប់យ៉ាងរបស់ក្លឹបបិសាចក្រហម Manchester United ដោយរូបគេផ្ទាល់មិនចង់ផ្ទេរចេញពីក្លឹបមាន់ខ្នាយមាសឡើយ។
ប្រភព: Metro