បាល់ទាត់អន្តរជាតិ
Wolverhampton បដិសេធដាច់ខាតមិនលក់ Ruben Neves ទៅឲ្យ Liverpool

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាក្នុងការតាមប្រមាញ់ខ្សែបម្រើ Ruben Neves បន្ទាប់ពីក្លឹបបច្ចុប្បន្នរបស់គាត់ Wolverhampton បានបដិសេធយ៉ាងដាច់ខាតមិនលក់កីឡាករឆ្នើមរូបនេះឡើយ និងថែមទាំងបញ្ជាក់ថា កីឡាករសញ្ជាតិព័រទុយហ្គាល់របស់ពួកគេមិនមែនសម្រាប់លក់នោះទេ។
យ៉ាងណាមិញក្រុមរបស់លោក Julen Lopetegui កំពុងស្ថិតក្នុងសមរភូមិនៃការប្រយុទ្ធដើម្បីចាកចេញឲ្យឆ្ងាយពីតំបន់ត្រូវកាត់ចោល ហើយពួកគេមិនចង់បាត់បង់កីឡាករឆ្នើមៗរបស់ពួកគេឡើយ ខណៈដែលបច្ចុប្បន្ន Wolverhampton កំពុងឈរនៅលេខរៀងទី 17 ក្នុងតារាង Premier League។
យោងតាមរបាយការណ៍របស់ Football Insider បានឲ្យដឹងថា ក្លឹបចចកខ្មៅ Wolverhampton បានច្រានចោលការទាក់ទងរបស់ Liverpool ជុំវិញការផ្ទេរ Ruben Neves នៅក្នុងខែមករានេះ។ យ៉ាងណារបាយការណ៍ដដែលក៏បានបន្ថែមថា ពួកគេនឹងទទួលយកសំណើរនៃការដេញថ្លៃពីក្លឹបផ្សេងៗជាថ្មីម្ដងទៀតសម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះ នៅពេលចប់រដូវកាល បើទោះបីជាពេលនោះតម្លៃផ្ទេររបស់គាត់ធ្លាក់ចុះបន្តិចក៏ដោយ។ ដូច្នេះ Liverpool ត្រូវរងចាំរហូតដល់ចប់រដូវកាលនេះ នៅពាក់កណ្ដាលឆ្នាំ 2023។
ប្រភព: Sportsmole