បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមនាំយកខ្សែការពារចំណូលថ្មីមួយរូបពី Olympique Lyon

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារស្តាំរបស់ Olympique Lyon គឺកីឡាករ Malo Gusto រួចហើយ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះជាកីឡាករទី 7 ដែលក្លឹបតោខៀវបាននាំចូលនៅក្នុងអំឡុងខែមករានេះ។
កីឡាកចំណូលថ្មី Noni Madueke, Mykhaylo Mudryk, Benoit Badiashile, Andrey Santos, David Datro Fofana សុទ្ធតែបានផ្ទេរមក Stamford Bridge ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា លើកលែងតែ Joao Felix ម្នាក់ប៉ុណ្ណោះ ដែលពួកគេបានខ្ចីជើងពីក្លឹបអេស្ប៉ាញ Atletico Madrid។
ខណៈដែលបច្ចុប្បន្នក្លឹបតោខៀវ Chelsea កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 10 ក្នុងតារាង Premier League នោះ លោក Graham Potter ដែលជាគ្រូបង្វឹក បានព្យាយាមជួសជុលនូវទម្រង់លេងរបស់ក្រុមយ៉ាងសកម្ម និងព្យាយាមចុះហត្ថលេខាលើកីឡាករថ្មីៗជាច្រើនដើម្បីស្ដារស្ថានភាពទាំងឡាយឲ្យប្រសើរឡើង។ យោងតាមគេហទំព័រ Football.London បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ 19 ឆ្នាំ Malo Gusto រួចហើយ និងរងចាំតែការចរចាសម្រេចចុងក្រោយជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ Olympique Lyon តែប៉ុណ្ណោះ។
ប្រភព: Sportsmole