បាល់ទាត់អន្តរជាតិ
Gabriel Martinelli ត្រៀមបន្តកុងត្រាថ្មីរយៈពេល 4 ឆ្នាំកន្លះ

ខ្សែប្រយុទ្ធ Gabriel Martinelli របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើការបន្តកុងត្រាថ្មីរយៈពេល 4 ឆ្នាំកន្លះបន្ថែមទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនហើយ ខណៈដែលកីឡាករវ័យ 21 ឆ្នាំរូបនេះនឹងផុតកំណត់កុងត្រារបស់ខ្លួននៅ Emirates ក្នុងរយៈពេល 18 ខែទៀត។
យោងតាម The Athletic បានឲ្យដឹងថា ខ្សែប្រយុទ្ធ Gabriel Martinelli បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចុះហត្ថលេខាលើការបន្តកុងត្រារយៈពេល 4 ឆ្នាំកន្លះថែមទៀត ដែលមានន័យថា គាត់នឹងនៅជាមួយក្លឹបកាំភ្លើងធំ Arsenal រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2026-2027។
របាយការណ៍ដដែលនេះដែរបានបន្ថែមថា កីឡាករសញ្ជាតិប្រេស៊ីល Gabriel Martinelli មិនទាន់បានចុះហត្ថលេខាលើកុងត្រាថ្មីរបស់គាត់ជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែការចរចាកុងត្រាថ្មីត្រូវបានបញ្ចប់រួចរាល់ហើយ។ គួររំលឹកផងដែរថា Gabriel Martinelli គឺជាអតីតកីឡាកររបស់ក្លឹបនៅក្នុងលីគនៃប្រទេសប្រស៊ីល Ituano ដែលក្លឹបកាំភ្លើងធំបាននាំយកមកកាលពីឆ្នាំ 2019។
ប្រភព: Sportsmole