បាល់ទាត់អន្តរជាតិ
Newcastle United ប្រកាសបន្តកុងត្រាថ្មីសម្រាប់ខ្សែការពារ Kieran Trippier

ក្លឹប Newcastle United បានប្រកាសថា ខ្សែការពារស្តាំរបស់ខ្លួន Kieran Trippier បានចុះកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្នរយៈពេលមួយឆ្នាំបន្ថែមទៀត ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ កីឡាករវ័យ 32 ឆ្នាំរូបនេះបានចូលរួមជាមួយ Newcastle United ក្នុងកុងត្រាដំបូង 2 ឆ្នាំកន្លះ។
ដោយឡែកខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier បានផ្ទេរពីក្លឹបអេស្ប៉ាញ Atletico Madrid ក្នុងខែមករា ឆ្នាំ 2022 បន្តពីនោះមកគាត់បានដើរតួយ៉ាងសំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Eddie Howe។ បច្ចុប្បន្ន Newcastle United ត្រូវបានគេចាត់ទុកថា ជាក្រុមកំពុងឡើងជើងមួយ ក្នុងចំណោមក្រុមធំៗផ្សេងទៀត ដោយបច្ចុប្បន្នពួកគេកំពុងកាន់កាប់តំណែងលេខរៀងទី 3 ក្នុងតារាង Premier League។
លេងក្នុងតំណែងជាខ្សែការពារពិតមែន ប៉ុន្តែ Kieran Trippier រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន 3 គ្រាប់ និង Assists បានចំនួន 6 ដងក្នុងការបង្ហាញខ្លួនសរុប 33 ប្រកួត គិតចាប់តាំងពីចូលរួមជាមួយក្លឹប Newcastle United។ សព្វថ្ងៃនេះ Kieran Trippier ត្រូវបានគេចាត់ទុកជាកំពូលខ្សែការពារស្ដាំដ៏ល្អបំផុតមួយរូបរបស់ពិភពលោកក្នុងចំណោមកីឡាករផ្សេងទៀតដូច Achraf Hakimi, Kyle Walker និង Trent Alexander-Arnold ជាដើម។
ប្រភព: Sportsmole