បាល់ទាត់អន្តរជាតិ
Bayern Munich ប្រកាសពីការផ្ទេរ Joao Cancelo ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល

កាលពីប៉ុន្មានម៉ោងមុននេះក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ពីការចាកចេញរបស់ Joao Cancelo ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Bayern Munich រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លឹបយក្សអាឡឺម៉ង់ ក៏បានប្រកាសពីការនាំយកកីឡាករចំណូលថ្មីរបស់ខ្លួន គឺកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះដែរ។
យ៉ាងណាមិញកីឡាករវ័យ 28 ឆ្នាំរូបនេះ គឺជាតួអង្គដ៏សំខាន់សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលមិនមាននរណាម្នាក់ធ្លាប់គិតថា គាត់អាចនឹងចាកចេញពីក្លឹបម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះឡើយ។ ក្នុងរដូវកាលថ្មីនេះ Joao Cancelo បានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងចំនួន 16 ប្រកួត ក្នុងចំណោម 20 ប្រកួតនៅ Premier League។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយត្រឡប់ពីបំពេញភារកិច្ចនៅ World Cup វិញ ខ្សែការពាររូបនេះ ហាក់ដូចជា បាត់បង់ទំនុកចិត្តមួយចំនួនពីលោក Pep Guardiola ហើយក៏ធ្វើឲ្យ Joao Cancelo សម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេសផងដែរ។ Joao Cancelo បានផ្ទេរចេញក្នុងកិច្ចព្រមព្រៀងខ្ចីជើងទៅ Bayern Munich តែមានលក្ខខណ្ឌទិញផ្ដាច់កុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូចគ្នានេះដែរ Joao Cancelo នឹងពាក់អាវលេខ 22 នៅក្លឹបថ្មីរបស់ខ្លួន។
ប្រភព: Sportsmole