បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហមចាប់អារម្មណ៍ចង់បាន Federico Valverde

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានកំណត់យកខ្សែបម្រើរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Federico Valverde ជាគោលដៅផ្ទេរដែលលោកចង់បាននៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្លឹបបិសាចក្រហមនៅតែព្យាយាមនាំយកខ្សែបម្រើកណ្តាលថ្មីបន្ថែមទៀត ក្នុងឆ្នាំនេះ ខណៈដែលត្រូវបានគេគិតថា នឹងមានខ្សែបម្រើកណ្ដាលយ៉ាងហោចណាស់ម្នាក់នឹងផ្ទេរមកកាន់ទឹកដី Old Trafford។ ទន្ទឹមនឹងនេះដែរ Jude Bellingham របស់ Borussia Dortmund និង Declan Rice របស់ West Ham United ក៏បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅបិសាចក្រហមផងដែរ។
កាលពីពេលកន្លងទៅ Manchester United មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើ Frenkie de Jong របស់ Barcelona ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះបដិសេធមិនចង់ចាកចេញពីទឹកដីអេស្ប៉ាញឡើយ។ ដូចគ្នានេះដែរថ្មីៗនេះ យោងតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា Valverde គឺជាគោលដៅបន្ទាប់របស់គ្រូបង្វឹកលោក Erik ten Hag ហើយគាត់សង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលកីឡាករវ័យ 24 ឆ្នាំរូបនេះ ឲ្យផ្ទេរមកកាន់ទឹកដីអង់គ្លេសមុនរដូវកាលឆ្នាំ 2023-2024។
ប្រភព: Sportsmole