បាល់ទាត់អន្តរជាតិ
អនាគតគ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម អាចនឹងនាំយកខ្សែបម្រើម្នាក់ពី Monaco មកកាន់ទឹកដី Old trafford

លោក Erik ten Hag ត្រូវបានគេសន្មត់ថា គឺជាបេក្ខភាពដែលនឹងមកជំនួសតំណែងរបស់ Ralf Rangnick នៅរដូវកាលក្រោយ។ យ៉ាងណាមិញ តាមរបាយការណ៍មួយបានឲ្យដឹងថា លោក Erik ten Hag មានបំណងចង់នាំយកខ្សែបម្រើ Aurelien Tchouameni មកកាន់ Manchester United នៅរដូវក្តៅនេះ។
ដោយឡែក ខ្សែបម្រើសញ្ជាតិបារាំងវ័យ 22 ឆ្នាំ Aurelien Tchouameni ដែលបច្ចុប្បន្នកំពុងឡើងជើងខ្លាំងនៅ Monaco នោះ ក៏ត្រូវបានគេដឹងផងដែរថា គាត់ពេញចិត្តនឹងការចាកចេញពីប្រទេសបារាំង មកកាន់ទឹកដីនៃប្រទេសអង់គ្លេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ថ្មី និងមានកម្រិតប្រកួតប្រជែងខ្ពស់ជាងមុន។
របាយការណ៍ ESPN បានលើកឡើងថា Tchouameni គឺជាកីឡាករម្នាក់ ដែលស្ថិតក្នុងចំណោមកីឡាករឆ្នើមៗជាច្រើនដែលលោក Erik ten Hag កោតសរសើរ។
គួររំលឹកផងដែរថា Aurelien Tchouameni ធ្លាប់ត្រូវបានគេប្រសិទ្ធិនាមថា គឺជា Paul Pogba ទីពីរ ព្រោះមានសញ្ជាតិបារាំងដូចគ្នា និងមានសមត្ថភាពប្រហាក់ប្រហែលគ្នា ខណៈដែលកីឡាករ Monaco រូបនេះ ក៏ជាបេក្ខភាពដែលតែងតែកោះហៅឲ្យចូលក្រុមជម្រើសជាតិមាន់គកបារាំងផងដែរ។
ប្រភព: Metro