បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ទទួលបានពានរង្វាន់មួយពីសហព័ន្ធបាល់ទាត់នៃប្រទេសព័រទុយហ្គាល់

កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានផ្តល់ពានរង្វាន់មួយដល់កីឡាករ Cristiano Ronaldo ដែលពាននោះត្រូវបានគេហៅឈ្មោះថា “High Prestige Sports Merit”។ យ៉ាងណាមិញព្រឹត្តិការណ៍ ធ្វើឡើងនៅក្នុងកម្មវិធី Sports Gala លើកទី 26 នៅកាស៊ីណូ Estoril។
ព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយការផ្តល់កិត្តិយសដល់កីឡាល្អបំផុតរបស់ប្រទេសព័រទុយហ្គាល់ប្រចាំឆ្នាំ 2022។ ដោយឡែក ខ្សែប្រយុទ្ធកណ្តាលរបស់ក្លឹប Al-Nassr រូបនេះ មិនមានវត្តមានសម្រាប់ពិធីប្រគល់ពានរង្វាន់នេះនោះទេ ប៉ុន្តែគាត់បានថ្លែងសុន្ទរកថា តាមរយៈសារវីដេអូមួយ។
អាចនិយាយបានថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅឆ្នាំ 2022 សម្រាប់ Cristiano Ronaldo បើទោះបីជាក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា បានធ្វើឲ្យគាត់មិនសប្បាយចិត្ត ខណៈដែលក្រុមជម្រើសជាតិរបស់ខ្លួនធ្លាក់ត្រឹមវគ្គ 8 ក្រុមចុងក្រោយជាមួយនឹងម៉ារ៉ុកក៏ដោយ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះ ទើបនឹងបានសម្រេចចុះហត្ថលេខាលើកុងត្រាដែលមានប្រាក់ពលកម្មតម្លៃខ្ពស់កប់ពពករហូតដល់ 200 លានដុល្លារក្នុងមួយឆ្នាំនៅឯក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រភព: Sportskeeda