បាល់ទាត់អន្តរជាតិ
Chelsea អាចនឹងបង្ខំចិត្តលក់កីឡាករមួយចំនួន ប្រសិនបើពួកគេមិនបានលេងពាន UCL រដូវកាលក្រោយ

ថ្មីៗនេះក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវបង្ខំចិត្តលក់កីឡាកររបស់ខ្លួនមួយចំនួន ប្រសិនបើពួកគេបរាជ័យក្នុងការដណ្ដើមកៅអី Top 4 និងអស់ឱកាសលេងក្នុងក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ។
ចាប់តាំងពីការកាន់កាប់តំណែងរបស់ម្ចាស់ក្លឹបថ្មី Todd Boehly គាត់បានចំណាយប្រាក់ជាង 600 លានផោនទៅហើយនៅពេញមួយរដូវក្តៅ និងនៅខែមករាដើមឆ្នាំនេះ។ លើសពីនេះទៀត ថ្មីៗនេះពួកគេបានបំបែកកំណត់ត្រាផ្ទេរខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez ជាមួយនឹងតម្លៃរហូតដល់ 106 លានផោនទៀតផង។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា កីឡាករមួយចំនួនដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប និងមានសញ្ជាតិអង់គ្លេស អាចនឹងត្រូវក្លឹបតោខៀវលក់ចេញ ប្រសិនបើពួកគេបរាជ័យក្នុងការទទួលបានឱកាសក្នុងការលេងពានរង្វាន់ UEFA Champions League។ ការលក់កីឡាករដែលមានសញ្ជាតិអង់គ្លេសនេះ ស្ថិតក្រោមបទប្បញ្ញត្តិរបស់ UEFA ហើយអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាល់ទាត់លោក Kieran Maguire ក៏បានអះអាងដែរថា ការលក់កីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ Chelsea គឺជាជម្រើសដ៏ល្អបំផុត។ ខ្សែបម្រើ Gallagher និង Loftus-Cheek ជាបេក្ខភាពដំបូងគេដែលត្រូវបានគេគិតថា ក្លឹបតោខៀវនឹងលក់ចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole