បាល់ទាត់អន្តរជាតិ
Manchester City អាចនឹងចុះហត្ថលេខាលើ Kvaratskhelia នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Napoli គឺកីឡាករ Khvicha Kvaratskhelia ជាគោលដៅផ្ទេរដ៏សំខាន់មួយនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ 21 ឆ្នាំ Kvaratskhelia បច្ចុប្បន្នកំពុងក្លាយជាតារារះដ៏ត្រចះត្រចង់លើទឹកដីនៃលីគកំពូលរបស់ប្រទេសអ៊ីតាលី។
យ៉ាងណាមិញកីឡាករឆ្នើមរូបនេះបានចូលរួមជាមួយ Napoli ដោយផ្ទេរពីក្លឹបក្នុងស្រុករបស់ប្រទេសហ្សកហ្ស៊ី Dinamo Batumi ក្នុងតម្លៃ 7 លានផោនកាលពីរដូវក្តៅឆ្នាំមុន។ ចាប់តាំងពីផ្ទេរមក Napoli គាត់ជាផ្នែកដ៏សំខាន់នៃក្រុមរបស់លោក Luciano Spalletti ខណៈដែលបច្ចុប្បន្នពួកគេកំពុងត្រៀមលើកពាន Serie A នៅរដូវកាលនេះផងដែរ។
Kvaratskhelia បានបង្ហាញខ្លួនជាជម្រើសដំបូងរបស់ក្រុមចំនួន 20 ប្រកួត ក្នុងចំណោមប្រកួតសរុបទាំង 21 សម្រាប់ Napoli នៅរដូវកាល 2022-2023 នេះ ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់នៅ Serie A និង 2 គ្រាប់នៅ Champions League។ យោងតាមអ្នកកាសែត Ben Jacobs បានឲ្យដឹងថា ក្លឹបអ្នកមាន Manchester City បច្ចុប្បន្នកំពុងតាមដាន និងរក្សាការចាប់អារម្មណ៍របស់ខ្លួនទៅលើ Kvaratskhelia ខណៈដែលក្លឹប Newcastle United ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ខ្សែប្រយុទ្ធឆ្នើមរបស់ Napoli រូបនេះដែរ។
ប្រភព: Sportsmole