បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Bayern Munich ចាប់អារម្មណ៍ចង់បាន Ansu Fati

យោងពាក្យចចាមអារ៉ាមចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាប Ansu Fati របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ខណៈដែលកីឡាករវ័យ 20 ឆ្នាំរូបនេះហាក់លែងជាផ្នែកមួយដ៏សំខាន់របស់គ្រូបង្វឹកលោក Xavi Hernandez ទៅហើយ។
Ansu Fati ដែលជាកីឡាករប្រសូត្រចេញពីថ្នាលយុវជនរបស់ La Masia នៅរដូវកាលដំបូងពេលត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំ គាត់មានទម្រង់លេងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ និងត្រូវបានក្លឹបប្រគល់អាវលេខ 10 ដែលជាកេរ្តិ៍តំណែលរបស់តារាឆ្នើម Lionel Messi ថែមទៀតផង។ ប៉ុន្តែក្រោយមក ដោយសារបញ្ហារបួសតែងតែរំខានជាបន្តបន្ទាប់ កីឡាករអេស្ប៉ាញរូបនេះ ហាក់ដូចជាធ្លាក់ចុះនូវទម្រង់លេងមួយកម្រិត។
ទោះបីជានៅរដូវកាលនេះ Ansu Fati បានបង្ហាញខ្លួនសរុបរហូតដល់ 30 ប្រកួតក៏ដោយ ប៉ុន្តែគាត់បានក្លាយជាជម្រើសដំបូងត្រឹមតែ 9 ប្រកួតប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assists បាន 3 ដង។ យោងតាមរបាយការណ៍ពី Mundo Deportivo ឲ្យដឹងថា ក្លឹប Bayern Munich ជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងៗជាច្រើនទៀតដែលចាប់អារម្មណ៍ក្នុងការផ្ទេរ Ansu Fati នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Livescore