បាល់ទាត់អន្តរជាតិ
Luis Enrique នឹងក្លាយជាអ្នកស្នងតំណែងពីលោក Graham Potter

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់យកគោលដៅរបស់ខ្លួនទៅលើអតីតអ្នកគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Luis Enrique ដែលជាអ្នកស្នងតំណែងរបស់លោក Graham Potter។
យ៉ាងណាមិញ Graham Potter បានមកដល់ Stamford Bridge ក្នុងខែកញ្ញាឆ្នាំមុន បន្ទាប់ពីក្លឹបតោខៀវបានបណ្តេញលោក Thomas Tuchel ចេញពីតំណែង។ ទោះជាយ៉ាងណាក្ដីអនាគតរបស់គ្រូបង្វឹកវ័យ 47 ឆ្នាំរូបនេះហាក់ដូចជាមិនស្ថិតស្ថេរឡើយ ខណៈដែលបច្ចុប្បន្នទម្រង់លេងរបស់ Chelsea កំពុងយ៉ាប់យ៉ឺនយ៉ាងខ្លាំង។
បច្ចុប្បន្នក្លឹបតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ 9 ក្នុងតារាង Premier League និងត្រូវបានគេមើលឃើញថា អាចនឹងអស់ឱកាសក្នុងការដណ្ដើមកៅអីសម្រាប់ការប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA Champions League នៅរដូវកាលក្រោយផងដែរ។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា គ្រូបង្វឹកលោក Luis Enrique ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីតោខៀវ Chelsea បើទោះបីជាក្លឹប Atletico Madrid កំពុងចាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះដែរក៏ដោយ។
ប្រភព: Sportsmole