បាល់ទាត់អន្តរជាតិ
Nemanja Matic ប្រកាសថា គាត់នឹងចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែបម្រើសញ្ជាតិស៊ែប៊ី Nemanja Matic បានប្រកាសថា គាត់នឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 33 ឆ្នាំ រូបនេះបានចូលរួមជាមួយ Manchester United ដោយផ្ទេរពីក្លឹបតោខៀវ Chelsea កាលពីឆ្នាំ 2017 ក្នុងកិច្ចព្រមព្រៀងផ្ទេរតម្លៃ 32 លានផោន និងបានបង្ហាញខ្លួន 182 ប្រកួតសម្រាប់ក្លឹប ក្រោមការដឹកនាំរបស់លោក Jose Mourinho, Ole Gunnar Solskjaer, Michael Carrick និងគ្រូបង្វឹកបច្ចុប្បន្នលោក Ralf Rangnick។
Nemanja Matic បានបញ្ជាក់យ៉ាងច្បាស់ថា រដូវកាលនេះនឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់ជាមួយក្លឹបបិសាចក្រហម។
Matic បានសរសេរប្រកាសនៅលើបណ្ដាញសង្គម Instagram របស់គាត់ថា “បន្ទាប់ពីការគិតយ៉ាងច្រើន ខ្ញុំបានសម្រេចចិត្តថា រដូវកាលនេះនឹងក្លាយរដូវកាលចុងក្រោយរបស់ខ្ញុំជាមួយ Manchester United។ វាជាកិត្តិយសដ៏ធំសម្បើមមួយ ក្នុងការលេងឲ្យក្លឹបដ៏អស្ចារ្យនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ សម្រាប់ការគាំទ្រឥតឈប់ឈររបស់ពួកគេ”។
ប្រភព: Metro