បាល់ទាត់អន្តរជាតិ
Ronald Koeman ថា Messi បានមើលឃើញពីទេពកោសល្យរបស់ Pedri មុនអ្នកណាៗទាំងអស់

ថ្មីៗនេះអតីតគ្រូបង្វឹករបស់ក្លឹប FC Barcelona លោក Ronald Koeman បាននិយាយអំពីពេលវេលារបស់គាត់ជាគ្រូបង្វឹកនៅ Camp Nou ហើយគាត់ក៏បានបង្ហាញពីការយល់ឃើញបន្តិចបន្តួចរបស់ខ្លួនអំពីតារាឆ្នើម 2 រូបដែលធ្លាប់ជាកូនក្រុមរបស់ខ្លួនគឺ ខ្សែប្រយុទ្ធ Lionel Messi និងខ្សែបម្រើ Pedri Gonzalez។
នៅពេលដែល Koeman ចូលកាន់តំណែង Pedri គឺជាកីឡាករវ័យក្មេងជាងគេនៅក្នុងក្រុម ប៉ុន្តែគ្មានអ្វីពិសេសខ្លាំងណាស់ណាឡើយ។ ប៉ុន្តែបន្ទាប់ពីខ្សែបម្រើរូបនេះបានលេងក្នុងការប្រកួតធំៗច្រើន និងចាប់ដៃគូនៅចរន្តបម្រើរបស់ Lionel Messi កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះហាក់មានទម្រង់លេងលេចធ្លោរខ្លាំង ហើយក៏បន្តនូវទម្រង់លេងកាន់តែល្អរហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងបទសម្ភាសន៍ផ្លូវការណ៍មួយ Ronald Koeman បាននិយាយថា៖ “Messi មានចិត្តសុភាពរាបសារណាស់។ គាត់បានសម្គាល់ឃើញពីលក្ខណៈពិសេសរបស់ Pedri ភ្លាមៗ ហើយមានបំណងក្នុងការដាក់ឲ្យខ្សែបម្រើវ័យក្មេងរូបនេះលេងជាមួយគាត់ពេលប្រកួត មិនដូចកីឡាករផ្សេងៗទៀតទេ”។
ជាការពិតណាស់ Lionel Messi ត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតរបស់ពិភពលោកទៅហើយនាពេលបច្ចុប្បន្ននេះ ខណៈដែល Pedri ក៏ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់ផងដែរ។ Pedri បានឈ្នះពាន Golden Boy ជាកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ 2022 ហើយនៅក្នុងពិធីទទួលពាននោះ កីឡាករវ័យ 20 ឆ្នាំរូបនេះក៏បាននិយាយអរគុណផងដែរចំពោះ Messi ដែលជាចំណែកក្នុងការជួយឲ្យគាត់បានឈ្នះពានជាកីឡាឆ្នើមនេះ។
ប្រភព: Barcablaugranes