បាល់ទាត់អន្តរជាតិ
Trippier អះអាងថា Declan Rice ជាខ្សែបម្រើល្អជាង Thomas Partey និង Casemiro

ខ្សែការពារស្តាំរបស់ក្លឹប Newcastle United និងជាកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស Kieran Trippier បានអះអាងថា គាត់នឹងជ្រើសរើសយក Declan Rice ជាខ្សែបម្រើកណ្ដាលដ៏ល្អជាង Thomas Partey និង Casemiro។ រដូវកាលនេះខ្សែបម្រើ Declan Rice ដែលជាកាពីតែនក្រុមរបស់ក្លឹប West Ham United បានស៊ុតបញ្ចូលទី 1 គ្រាប់ និង Assist បាន 3 ដងក្នុងការបង្ហាញខ្លួន 27 ប្រកួត។
យ៉ាងណាកីឡាករវ័យ 24 ឆ្នាំរូបនេះលេងបានប្រកួតសរុប 222 ប្រកួតមកហើយសម្រាប់ក្លឹប West Ham United គិតចាប់តាំងពីអំឡុងឆ្នាំ 2017 មក ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 22 ដង។ ទន្ទឹមនឹងនេះដែរ គាត់ក៏បានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅឆ្នាំ 2019 មកដល់បច្ចុប្បន្ន ដោយបង្ហាញខ្លួនក្នុងការប្រកួតសរុប 39 ប្រកួត និងស៊ុតបញ្ចូលទីបាន 2 គ្រាប់។
ដោយឡែកថ្មីៗនេះ Kieran Trippier ដែលជាកីឡាកររួមសញ្ជាតិជាមួយ Declan Rice បាននិយាយថា ខ្សែបម្រើ Declan Rice មានទម្រង់លេងដូចនឹង Michael Carrick ហើយគាត់នឹងជ្រើសរើសយកខ្សែបម្រើរូបនេះល្អជាង Thomas Partey របស់ក្លឹបកាំភ្លើងធំ Arsenal និង Casemiro របស់ក្លឹបបិសាចក្រហម Manchester United។
ប្រភព: Sportsmole