បាល់ទាត់អន្តរជាតិ
Frank Lampard ថា Messi ជាកីឡាករល្អបំផុត បន្ទាប់មកគឺ Ronaldinho

វីរបុរសរបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard បាននិយាយទាក់ទងនឹងការជជែកដេញដោលគ្នារវាង Lionel Messi និង Cristiano Ronaldo។ អតីតខ្សែបម្រើរូបនេះបាននិយាយតាមរយៈ Daily Star (ក្នុងឆ្នាំ 2021) ពីកីឡាករដែលល្អបំផុតតាមការយល់ឃើញរបស់ខ្លួន។
ខណៈពេលដែល Lampard ធ្លាប់លេងតទល់ជាមួយ Cristiano Ronaldo ពេលដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះពាន Ballon d’Or ពេលនៅជាកីឡាកររបស់ Manchester United មុនពេលផ្លាស់ទៅ Real Madrid ប៉ុន្តែ Frank Lampard មិនបានចាត់ទុក Cristiano Ronaldo ជាកីឡាករល្អបំផុតនោះទេ និងជំនួសមកវិញដោយ Lionel Messi និង Ronaldinho។
Lampard បានលើកហេតុផលថា គាត់ជ្រើសរើស Messi ព្រោះគាត់គិតថា កីឡាករអាហ្សង់ទីនរូបនេះជាកីឡាករល្អបំផុតលើពិភពលោក។ គាត់បាននិយាយថា៖ “សម្រាប់ខ្ញុំមាន 2 នាក់, ដែលខ្ញុំចង់និយាយ។ ទី 1 គឺ Messi ព្រោះខ្ញុំគិតថាគាត់ល្អបំផុត។ ម្នាក់ទៀតគឺ Ronaldinho ព្រោះក្នុងឆ្នាំ 2005 យើងបានទៅប្រកួតនៅ Camp Nou ដែលវាដូចជាការជួបគ្នាលើកដំបូងរបស់ខ្ញុំ ជាមួយនឹងកីឡាករដែលមកពីភពផ្សេង។… ចលនារបស់ Ronaldinho នៅក្នុងការប្រកួតនោះពិតជាអស្ចារ្យ និងគួរឲ្យកោតសរសើរណាស់”។
ប្រភព: Sportskeeda