បាល់ទាត់អន្តរជាតិ
AC Milan ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Naby Keita

ក្លឹបម្ចាស់ជើងឯកអ៊ីតាលី AC Milan ត្រូវបានគេរាយការណ៍ថា នឹងព្យាយាមធ្វើការតាមប្រមាញ់កាន់តែខ្លាំងបន្ថែមទៀតទៅលើខ្សែបម្រើ Naby Keita របស់ Liverpool។ យ៉ាងណាមិញកីឡាករវ័យ 28 ឆ្នាំរូបនេះនឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបើយោងតាមស្ថានភាពជាក់ស្ដែង គាត់នឹងចាកចេញពីក្លឹបហង្សក្រហមក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ Naby Keita បានចូលរួមជាមួយក្លឹបហង្សក្រហមដោយផ្ទេរពី Leipzig ក្នុងតម្លៃ 60 លានអឺរ៉ូ (53.5 លានផោន) កាលពីឆ្នាំ 2018 ប៉ុន្តែគាត់បានជួបប្រទះការលំបាកក្នុងការប្រជែងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp។ ទោះបីជាគាត់បានបង្ហាញខ្លួនសរុបរហូតដល់ 127 ប្រកួតឲ្យ Liverpool ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 7 ដងក៏ដោយ ប៉ុន្តែជីវិតបាល់ទាត់របស់គាត់នៅទឹកដីអង់គ្លេស បានជួបនូវឧបសគ្គរារាំងយ៉ាងខ្លាំងដោយសារបញ្ហារបួស។
យោងតាមកាសែត The Mirror បានឲ្យដឹងថា ក្លឹប AC Milan គ្រោងនឹងដាក់ការស្នើចុះហត្ថលេខាលើ Naby Keita នៅចុងបញ្ចប់នៃរដូវកាលនេះ ពេលដែលកុងតុងត្រារបស់គាត់នៅ Anfield ផុតកំណត់។ ដូចគ្នានេះដែរ អតីតក្លឹបចាស់ RB Leipzig របស់គាត់ ក៏មានចិត្តចង់នាំយកខ្សែបម្រើរូបនេះទៅវិញផងដែរ។
ប្រភព: Sportsmole