បាល់ទាត់អន្តរជាតិ
ឃើញឡើងជើងខ្លាំង Real Madrid ចង់បន្តកុងត្រាថ្មីរយៈពេលវែងដល់ Brahim Diaz

ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា ចង់ចងជើងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Brahim Diaz ដោយការចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែង។ កីឡាករវ័យ 23 ឆ្នាំរូបបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ AC Milan រយៈពេល 2 ឆ្នាំកន្លះមកហើយ និងធ្លាប់បានឈ្នះពាន Serie A កាលពីរដូវកាលមុនផងដែរ។
Brahim Diaz នៅតែជាកីឡាករដ៏សំខាន់ និងបង្ហាញខ្លួនគ្រប់ការប្រកួតក្រោមការដឹនាំរបស់លោក Stefano Pioli ក្នុងរដូវកាលឆ្នាំ 2022-2023 នេះ ដោយបានស៊ុតបញ្ចូលទីចំនួន 5 គ្រាប់ និង Assist បាន 2 លើក ពីការបង្ហាញខ្លួនចំនួន 26 ប្រកួត។
កីឡាកររូបនេះគ្រោងនឹងត្រឡប់ទៅ Real Madrid វិញនៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជា AC Milan មានជម្រើសក្នុងការទិញផ្ដាច់កុងត្រាគាត់ក៏ដោយ។ Brahim Diaz នៅមានកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ 2025 ប៉ុន្តែយោងទៅតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ក្រុមរបស់លោក Carlo Ancelotti ចង់ចរចាលើកុងត្រាថ្មីបន្តលើកុងត្រាបច្ចុប្បន្នរបស់គេជាមួយនឹងលក្ខខណ្ឌថ្មី ដែលមានសុពលភាពរហូតដល់ឆ្នាំ 2027។
ប្រភព: Sportsmole