បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United មិនមានគម្រោងទិញផ្ដាច់កុងត្រារបស់ Weghorst ឡើយ!!!

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា មិនមានចេតនាក្នុងការចុះហត្ថលេខាលើ Wout Weghorst ក្នុងលក្ខខណ្ឌទិញផ្ដាច់កុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះនោះទេ។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបបិសាចក្រហមក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Burnley។
លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប បាននាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះមកកាន់ទឹកដី Old Trafford បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កាលពីខែវិច្ឆិកា ឆ្នាំមុន។ ចាប់តាំងពីបានផ្ទេរមកបិសាចក្រហម Weghorst បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 10 របស់ក្លឹប ប៉ុន្តែគាត់រកបានគ្រាប់បាល់តែ 1 គ្រាប់គត់ ក្នុងជ័យជម្នះ 3-0 នៃការប្រកួតពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី 1 ទៅលើក្រុម Nottingham Forest កាលពីចុងខែមុន។
យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ទំនងជាមិនចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់ Weghorst នៅរដូវក្តៅខាងមុខនេះឡើយ។ បិសាចក្រហម បានចំណាយប្រាក់ប្រហែល 2.5 លានផោន ក្នុងការខ្ចីជើងខ្សែប្រយុទ្ធរូបនេះពី Burnley តែទម្រង់លេងមិនសូវលេចធ្លោររបស់គាត់ នឹងមិនអាចឲ្យគាត់បន្តស្នាក់នៅជាកីឡាករពេញសិទ្ធិរបស់ Manchester United នោះទេ។
ប្រភព: Sportsmole