Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា ទ្វារ​របស់ Barcelona តែងតែ​បើក​រង​ចាំ Messi ជា​និច្ច

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​និយាយ​ថា ទ្វារ​របស់ Camp Nou តែងតែ​បើក​ចំហ​រងចាំ​ការ​វិល​ត្រឡប់​មក​វិញ​របស់​តារា​ឆ្នើម Lionel Messi ជា​និច្ច។ យ៉ាង​ណា​មិញ អនាគត​របស់​កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ គឺ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ឡើយ ខណៈ​ដែល​គាត់​មិន​ទាន់​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន Paris Saint-Germain ដោយ​នឹងផុត​កំណត់​នៅ​ចុង​ខែ​មិថុនា​នេះ។

ក្រោយ​ពេល​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​​ពិភពលោក​ឆ្នាំ 2022 នៅ​ប្រទេស​កាតា​មក មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​បារាំង PSG បាន​សម្រេច ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ Lionel Messi ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​បន្ថែម​ទៀត​រយៈពេល 12 ខែ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ របាយការណ៍​ថ្មីៗ​ចុងក្រោយ​នេះ​បាន​អះអាង​ថា Messi កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី​បារាំង​ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ បុរស​ឆ្នើម​របស់​អាហ្សង់ទីន​រូប​នេះ ​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​លេង​នៅ​លីគ​អាមេរិច MLS ខណៈ​ក្លឹប​អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ក៏​មាន​ទំនាក់​ទំនង​ចង់​ចរចា​លើ​គាត់​ដែរ។

ទន្ទឹម​នឹង​នេះ ការ​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ Barcelona វិញ​ក៏​អាចកើត​ឡើង​ផង​ដែរ ហើយ​គ្រូ​បង្វឹក​លោក Xavi Hernandez ក៏​បាន​និយាយ​ពី​រឿង​នេះ នៅ​មុន​ពេល​នៃ​ការ​ប្រកួត​ជម្រុះ Europa League ជុំទី 2 កាល​ពី​ថ្ងៃព្រហស្បតិ៍​​កន្លង​ទៅ។ Xavi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “សម្រាប់ Messi នេះ​គឺ​ជា​ផ្ទះ​របស់​គាត់ ហើយ​ទ្វារ​ផ្ទះ​នឹង​បើក​រង​ចាំ​គាត់​ជា​និច្ច។… ការ​ត្រឡប់​មក​វិញ រឺ​អត់​អាស្រ័យ​លើ​គាត់”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២