បាល់ទាត់អន្តរជាតិ
កីឡាករ 4 រូបដែលមិនចង់ឲ្យ Messi ត្រឡប់មក Barcelona វិញ

យោងតាមរបាយការណ៍ពី El Nacional បានរាយការណ៍ថា កីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ 3 នាក់ផ្សេងទៀត ដែលប្រឆាំងនឹងការវិលត្រឡប់មកវិញរបស់ Lionel Messi ខណៈដែលគាត់ត្រូវបានគេគិតថា ចង់បន្តស្ថានភាពបច្ចុប្បន្នដែលខ្លួនគឺជាតួឯករបស់ក្លឹប។
ទន្ទឹមនឹងនេះដែរ អ្នកចាំទី Marc-Andre ter Stegen ក៏មិនចង់ឲ្យអតីតមិត្តរួមក្រុមរបស់គាត់ត្រឡប់មកវិញដែរ។ ទំនាក់ទំនងរបស់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ជាមួយខ្សែប្រយុទ្ធ Lionel Messi មិនសូវល្អឡើយ។ គាត់ធ្លាប់បានស្តីបន្ទោស Messi ជុំវិញអាកប្បកិរិយាមិនល្អ ក្នុងការហ្វឹកហាត់ ហើយអ្នកទាំង 2 មិនសូវបាននិយាយស្ដីជាមួយគ្នាឡើយ។
Ansu Fati ក៏ជាកីឡាករម្នាក់ទៀតដែលត្រូវបានគេរាយការណ៍ថា ប្រឆាំងនឹងការនាំយក Messi ត្រលប់មកវិញដែរ។ ការច្រណែន ជាបញ្ហារវាងអ្នកទាំង 2 ដោយ Fati ខ្លាច Messi ចូលមកជំនួសតួនាទីរបស់គេនៅក្នុងក្រុម។ បច្ចុប្បន្នគាត់បានពាក់អាវលេខ 10 ដែលជារបស់ Lionel Messi ហើយច្បាស់ណាស់ថា ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះត្រឡប់មកវិញ គាត់នឹងប្រើប្រាស់អាវលេខ 10 របស់ខ្លួនវិញ។
ចុងក្រោយគឺ Ousmane Dembele ក៏ជាអ្នកដែលជំទាស់នឹងការវិលត្រឡប់របស់ Messi ផងដែរ ដោយសារតែអ្នកទាំង 2 មិនសូវមានភាពស្និទស្នាល និងលេងមិនសូវស៊ីចង្វាក់គ្នាឡើយពេលនៅ Barcelona។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះបានរងរបួសជាញឹកញាប់ អំឡុងពេល Messi នៅ ប៉ុន្តែបច្ចុប្បន្នគាត់កំពុងតែរីករាយជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ ក្រោមការដឹកនាំរបស់លោក Xavier Hernandez ក្នុងរដូវកាលនេះ។
ប្រភព: Sportskeeda