បាល់ទាត់អន្តរជាតិ
Graham Potter នៅសល់ឱកាស 2 ប្រកួតទៀត ដើម្បីរក្សាតំណែងរបស់ខ្លួន

គ្រូបង្វឹកលោក Graham Potter អាចនឹងប្រឈមមុខជាមួយនឹងការបណ្តេញចេញ ប្រសិនបើដឹកនាំក្រុម Chelsea របស់គាត់ បរាជ័យក្នុងការយកឈ្នះ 2 ប្រកួតបន្ទាប់របស់ពួកគេជាមួយ Leeds United និង Borussia Dortmund (នេះបើយោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយកាសែត The Telegraph។
បន្ទាប់ពីកាន់តំណែងជាគ្រូបង្វឹកបានជាង 3 ឆ្នាំនៅ Brighton បុរសវ័យ 47 ឆ្នាំរូបនេះត្រូវបានម្ចាស់ក្លឹប Todd Boehly នាំយកមកដឹកនាំនៅ Stamford Bridge ដោយស្នងតំណែងរបស់លោក Thomas Tuchel កាលពីខែកញ្ញាឆ្នាំមុន។ ប៉ុន្មានប្រកួតដំបូង Graham Potter បានដឹកនាំ Chelsea ដ៏ជោគជ័យដោយឈ្នះ 6 និងស្មើ 3 ក្នុងចំណោម 9 ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានឈ្នះត្រឹមតែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 17 ប្រកួតចុងក្រោយរបស់គាត់ដែលជាស្ថិតិដ៏អន់ និងវេទនាបំផុតគិតចាប់តាំងពីចុងខែតុលាមក។ ការប្រកួត 3 លើកចុងក្រោយរបស់ Chelsea បានបញ្ចប់ដោយការចាញ់ 1-0 ជាប់ៗគ្នាជាមួយនឹងក្រុម Borussia Dortmund និង Southampton។ បន្ទាប់មកបានចាញ់កាលពីចុងសប្តាហ៍មុនជាមួយនឹង Tottenham Hotspur 2-0។
ប្រភព: Sportsmole