បាល់ទាត់អន្តរជាតិ
Juventus ត្រៀមចុះហត្ថលេខាលើ Marcel Sabitzer នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែបម្រើរបស់ក្លឹប Bayern Munich គឺកីឡាករ Marcel Sabitzer ដែលបច្ចុប្បន្នជាកីឡាករខ្ចីជើងនៅក្លឹបបិសាចក្រហម Manchester United ហើយការផ្ទេរអាចនឹងដំណើរការនៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។
ដោយត្រូវបានកាត់ចេញ 15 ពិន្ទុក្នុងក្របខ័ណ្ឌ Serie A កាលពីដើមឆ្នាំនេះ ក្លឹប Juventus បានព្យាយាមយ៉ាងលំបាកក្នុងឆ្នាំ 2023 ដើម្បីឡើងទៅកាន់តំបន់ក្បែរកំពូលតារាងវិញ។ ក្រុមរបស់លោក Massimiliano Allegri បានប្រកួតដោយទទួលបានជ័យជម្នះចំនួន 4 ជាប់ៗគ្នា ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី និងនៅមានដំណើរផ្សេងព្រេងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Europa League ថែមទៀតផង។
បច្ចុប្បន្ន Juventus កំពុងស្ដារស្ថានភាពឲ្យប្រសើរឡើងវិញ ក្នុងការប្រជែងពាន Europa League និងមានកៅអីលេង UEFA Champions League នៅរដូវកាលបន្ទាប់។ ដូចគ្នានេះដែរ កីឡាករមួយចំនួននឹងត្រូវផុតកុងត្រា ជាពិសេសខ្សែបម្រើសំខាន់ Adrien Rabiot គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលអាចចាកចេញពីទឹកដីអ៊ីតាលីនៅមុនរដូវកាលឆ្នាំ 2023-2024។
យោងតាមគេហទំព័រ Calciomercatoweb បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ Marcel Sabitzer ហើយពួកគេនឹងស្វែងរកវិធីសាស្ត្រដើម្បីនាំយកគាត់ទៅទឹកអីអ៊ីតាលីនៅមុនរដូវកាលក្រោយចាប់ផ្ដើម។ ដូចគ្នានេះដែរ កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងត្រឡប់មក Bayern Munich វិញ នៅពេលភារៈកិច្ចខ្ចីជើងនៅ Manchester United បញ្ចប់ទៅនៅប៉ន្មានខែខាងមុខ។
ប្រភព: Sportsmole