បាល់ទាត់អន្តរជាតិ
ហេតុផលសំខាន់ៗ 3 ដែល Real Madrid នឹងឈ្នះការប្រកួត Copa del Rey ជាមួយ Barcelona នៅរំលងអាធ្រាតនេះ

ក្លឹបអធិរាជស Real Madrid នឹងត្រូវប៉ះជាមួយ Barcelona ក្នុងការប្រកួតជើងទី 1 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey នៅម៉ោង 3:00 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ ការប្រកួតនេះនឹងធ្វើឡើងនៅក្នុងទឹកដីក្រុមម្ចាស់ផ្ទះ Real Madrid គឺកីឡដ្ឋាន Santiago Bernabeu។
យ៉ាងណាមិញក្រុមរបស់លោក Carlo Ancelotti បានឡើងមកដល់វគ្គនេះបន្ទាប់ពីបានទម្លាក់ Atletico Madrid ក្នុងលទ្ធផល 3-1 ខណៈដែល Barcelona បានយកឈ្នះ Real Sociedad ជាមួយលទ្ធផល 1-0 ក្នុងវគ្គ 8 ក្រុមចុងក្រោយ។ ក្រុមទាំង 2 បច្ចុប្បន្នគឺជាអធិរាជនៅក្នុងលីគកំពូលនៃប្រទេសអេស្ប៉ាញ ប៉ុន្តែការប្រកួតនេះត្រូវបានគេមើលឃើញថា Real Madrid នឹងទទួលបានជ័យជំនះ ដោយផ្អែកលើហេតុផលសំខាន់ៗមួយចំនួនដូចជា៖
1. អវត្តមានរបស់ Robert Lewandowski
យើងបានដឹងហើយថា Robert Lewandowski គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Barcelona នៅរដូវកាលនេះ ដោយមានគ្រាប់បាល់បញ្ចូលទីរហូតដល់ 25 គ្រាប់ ក្នុងការបង្ហាញខ្លួន 31 ប្រកួត។ ខ្សែប្រយុទ្ធរូបនេះគឺជាកូនសោរដ៏សំខាន់បំផុតរបស់លោក Xavi Hernandez។ យ៉ាងណាកីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski កំពុងសម្រាកព្យាបាលរបួសសរសៃពួរ ហើយនឹងត្រូវខកខានការប៉ះគ្នាជាមួយ Real Madrid នៅប្រកួតនេះ។
2. ទម្រង់ដ៏ប្រយុទ្ធដ៏មុតស្រួចរបស់ Real Madrid
Real Madrid គឺជាក្រុមមួយដែលមានរបៀបលេងវាយបកដ៏មានប្រសិទ្ធិភាពបំផុត ដោយសារពួកគេមានខ្សែប្រយុទ្ធល្អៗ និងលេងបានស៊ីចង្វាក់គ្នា។ ក្រឡេកមើលនៅរដូវកាលនេះក៏កាន់តែអស្ចារ្យថែមទៀត ដោយខ្សែប្រយុទ្ធទាំង 3 របស់គេមាន Karim Benzema, Vinicius Junior និង Rodrygo។ គ្រាប់បាល់សរុបរបស់កីឡាករទាំង 3 រូបនេះបូកបញ្ចូលគ្នាមានរហូតដល់ 46 គ្រាប់ទៅហើយ ទាំងដែលមិនទាន់ចប់រដូវកាលផងនោះ។ នេះជាហេតុផលដែល Barcelona នឹងពិបាកខ្លាំងណាស់ ក្នុងការទប់ទល់ជាមួយ Real Madrid។
3. លេងក្នុងដី Real Madrid
Santiago Bernabau មិនមែនជាទីកន្លែងដែលសប្បាយរីករាយសម្រាប់ក្រុមដែលប្រកួតនៅទីនោះឡើយ។ វាប្រៀបដូចជាបន្ទាយសម្រាប់លោក Carlo Ancelotti ហើយប្រសិនបើពួកគេអាចរក្សាទម្រង់លេងបានល្អនោះ វាអាចជាការលំបាកសម្រាប់ Barcelona ដោយពួកគេគ្មាន Pedri, Dembele និងកីឡាករសំខាន់ៗផ្សេងទៀត ដើម្បីឈ្នះនៅផ្ទះរបស់គូប្រជែងដ៏ខ្លាំងមួយនេះ។
ប្រភព: Sportskeeda